ព័ត៌មាន
កម្ពុជាជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការការងារនិងការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន
(ភ្នំពេញ)៖ លោក ថូ ប៊ុនថន អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានការងារ រួមជាមួយឧត្តមមន្រ្តីការងារកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២២ (22nd SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២៤ (24th SLOM+3) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំដោយក្រសួងការងារនៃប្រទេសថៃជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន (SLOM) ឆ្នាំ២០២៦-២០២៨ ដោយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ាន រួមជាមួយប្រទេសបូកបី ព្រមទាំងលេខាធិការដ្ឋានអាស៊ាន អង្គភាពតាមវិស័យក្រោម SLOM អង្គការអន្តរជាតិ (ILO, IOM, RECOTwin) និងភាគីពាក់ព័ន្ធ សរុបប្រមាណ៦០នាក់។
នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានលើកទី២២ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងាររបស់អង្គភាពតាមវិស័យក្រោម SLOM និងលទ្ធផលនៃកិច្ចប្រជុំអាស៊ានពាក់ព័ន្ធផ្សេងៗក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានផងដែរ។ អង្គប្រជុំបានពិនិត្យលើឯកសារអាស៊ានសំខាន់ៗក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារ ការលុបបំបាត់ពលកម្មកុមារ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខភាព និងសុវត្ថិភាពការងារក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ទិសដៅបន្តសម្រាប់ការអនុវត្តសកម្មភាពសំខាន់ៗក្រោមផែនការការងារ SLOM និងផែនការការងារក្រោមវិស័យ SLOM សម្រាប់ឆ្នាំ២០២៦-២០៣០។
តំណាងប្រធានឧត្តមមន្រ្តីការងារកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងទិសដៅបន្តនៃការអនុវត្តគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ជនទេសន្តរប្រវេសន៍ការងារក្នុងអាស៊ាន ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា និងត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ និងកត់សម្គាល់ដោយប្រមុខដឹកនាំអាស៊ានក្នុងឆ្នាំ២០២៤។ កម្ពុជាបានបន្តជំរុញឱ្យរដ្ឋសមាជិកអាស៊ាន ប្រើប្រាស់គោលការណ៍ណែនាំនេះ ជាមូលដ្ឋានសម្រាប់ការពិភាក្សា ចរចា និងការរៀបចំកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ដើម្បីពង្រឹងការចល័តអត្ថប្រយោជន៍របបសន្តិសុខសង្គម និងធានាការទទួលបានការការពារពេញលេញសម្រាប់ជនទេសន្តរប្រវេសន៍ការងារអាស៊ាន។
សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបីលើកទី២៤ អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការបញ្ចប់ផែនការការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបីឆ្នាំ២០២១-២០២៥ ជាពិសេសទៅលើគម្រោង និងសកម្មភាពដែលបានអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជាបញ្ហាផ្សេងៗ ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។ អង្គប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តសកម្មភាពអាទិភាពក្រោមផែនការការងារ SLOM+3 ឆ្នាំ២០២៦–២០៣០៕




-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា