Connect with us

ព័ត៌មាន

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ខិតខំជំរុញការផ្សព្វផ្សាយម្រេចកំពត និងផ្កាអំបិលកម្ពុជា នៅលើទីផ្សាកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពតដឹកនាំ ដោយអភិបាលរងខេត្តកំពត លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយពីសក្ដានុពលម្រេចកំពត និងផ្កាអំបិលកម្ពុជា នៅលើទីផ្សារនៃប្រទេសកូរ៉េ ។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អភិបាលរងខេត្តកំពត បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍក្នុងខេត្តកំពត លើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ ។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលទៅបំពេញបេសកកម្មនៅប្រទេសកូរ៉េ ។ ជាមួយឯកឧត្តម ក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរក្នុងប្រទេសកូរ៉េផងដែរ ។
ឯកឧត្តម បានបន្ថែមថា ខេត្តកំពត គឺជាខេត្តដែលមានសក្តានុពល ទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថា ជាផលិតផល ដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទាំងនេះ របស់ខេត្តកំពុត នៅក្នុងប្រទេសកូរ៉េ ឱ្យបានកាន់តែមានភាពទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia