ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងបង្កសង្គ្រាម
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល និងបង្កជាសង្គ្រាម។
សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ក្នុងនោះមាន៖
ទីមួយ៖ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្ដែងឡើង តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ «វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ»។
ទីពីរ៖ ការយកអ្វីៗ គ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពី សេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។
ទីបី៖ ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះ ត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិន រុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈ រចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយ ដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារ យកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis)។
សម្ដេចតេជោ ថ្លែងថា នេះជាការពិតដ៏ជូរចត់ មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។
តាមរយៈនិន្នាការទាំងនេះ យើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមបីសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច, និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។
១៖ សង្គ្រាមបំបាក់កម្លាំង ៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែង ដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នារប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយ ពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុន នឹងបាត់បង់អ្វីៗគ្រប់ យ៉ាង។ គោលបំណងចម្បង គឺ ការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវ ការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមាន សមត្ថភាពតស៊ូប្រឆាំងតបត។
២៖ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពល សេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាង ទូលំទូលាយ ការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។
៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាម ចិត្តសាស្ត្រ ដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធ សង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេស ដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ ស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្រប ដើម្បីដាក់សម្ពាធពីខាងក្រៅ វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា