Connect with us

ព័ត៌មាន

មន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃព្រឈមនឹងការកាត់ក្របខ័ណ្ឌប្រសិនបើកបរបង្កគ្រោះថ្នាក់ដោយការស្រវឹង

មន្ត្រីនគរបាល និងស៊ីវិល ដែលឋិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ព្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ប្រសិនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយប្រើប្រាស់គ្រឿងស្រវឹង ។
ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញការព្រមានថ្មីមួយទៅដល់បណ្តាមន្ត្រីនគរបាល និងមន្ត្រីស៊ីវិលទាំងអស់ ដោយប្រើវិធានការកាត់ក្របខណ្ឌចោលតែម្តង ក្នុងករណីមន្ត្រីរូបនោះ បានប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ លើដងផ្លូវសាធារណៈ ។
សារព្រមានធ្ងន់ៗ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ កំណើត នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស មានការកើនឡើងគួរកត់សម្គាល់ និងព្រួយបារម្ភ ដោយបានឆក់យកអាយុជីវិត និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើន ។
លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឲ្យដឹងថា ៖ កត្តាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ជារឿងដែលប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាំបាច់ក្នុងការគិតគូរ និងដាក់ចេញទិសដៅនានា ដើម្បីកាត់បន្ថយបានពីអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងគំហែងដល់សុវត្ថិភាពដងផ្លូវសាធារណៈ ។ ដូច្នោះហើយ ផ្តើមចេញពីការចូលរួមដំបូង គឺត្រូវពង្រឹង និងធានាបានថា មន្ត្រីក្នុងជួរក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលទណ្ឌទណ្ឌតានរយៈការបណ្តេញចេញពីក្របខណ្ឌ បើមន្ត្រីទាំងនោះ ពុំចូលរួមគោរពច្បាប់ តាមរយៈការប្រើប្រាស់គ្រឿងស្រវឹង ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ពលរដ្ឋក៏បង្ហាញការគាំទ្រ ចំពោអវិធានការនេះ ព្រោះនេះគឺជាការដុះខាត់មន្ត្រីអ្នកអនុវត្តច្បាប់ឲ្យបានល្អ និងជាការតម្រង់ទិសមួយឲ្យពួកគាត់ចូលរួមគោរពច្បាប់ជាមុនសិន ដើម្បីជាគំរូល្អដល់ពលរដ្ឋ ក្នុងសង្គមជាតិ ។
គួរបញ្ជាក់ថា ៖ ការអនុវត្តការចុះរឹងបន្តឹងច្បាប់ចរាចរណ៍ឡើងវិញជាថ្មី នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ ដោយអនុវត្តតែក្នុងក្របខណ្ឌរាជធានីខេត្តចំនួន០៥តែប៉ុណ្ណោះ មានរាជធានីភ្នំពេញជាអាទិ៍ , ខេត្តព្រះសីហនុ , កំពង់ស្ពឺ , កណ្តាល និងខេត្តស្វាយរៀង ។ ក្រៅពីនោះ ខេត្តនៅសេសសល់ គឺជាការអនុវត្តដោយការបន្តប្រើប្រាស់វិធានការអប់រំណែនាំ ៕
អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia