Connect with us

ព័ត៌មាន

និស្សិតកម្ពុជា ទៅសិក្សានៅចិននឹងប្រាប់បរទេសពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសណាទាំងអស់

កណ្ដាល៖ ​និស្សិតកម្ពុជា ទៅសិក្សានៅចិននឹងប្រាប់បរទេសពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសណាទាំងអស់
កណ្ដាល៖ ក្រុមសិស្សនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ពីគណបក្សប្រជាជនកម្ពុជា (CPP) ហើយទៅសិក្សាជំនាញផ្សេងៗ ក្នុងប្រទេសចិន បានប្ដេជ្ញានឹងប្រាប់ទៅកាន់បរទេស ពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសផ្សេង ហើយចង់ធ្វើជាមិត្ត នៃប្រទេសទាំងអស់ នៅលើពិភពលោក ។
ក្នុងពេលធ្វើដំណើរទៅសិក្សានៅប្រទេសចិន កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិត បានឲ្យដឹងថា ពួកគេពិតជាមានក្តីរំភើបរីករាយ ដែលទទួលបានអាហារូបករណ៍ពីគណបក្សប្រជាជនកម្ពុជា ទៅសិក្សានៅប្រទេសទាំងមហាអំណាចសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាជាដើម ។ ការដែលបានទៅសិក្សានៅចិននេះ គឺពិតជាផ្ដល់ឱកាសដល់ពួកគេ ដើម្បីសិក្សាចំណេះជំនាញ និងដកស្រង់បទពិសោធន៍ល្អៗ ពីប្រទេសគេ មកចែករំលែកនៅកម្ពុជា ហើយក៏ប្ដេជ្ញាថា នឹងខិតខំរៀនសូត្រឲ្យបានចប់ ជាមួយនឹងការគោរពច្បាប់ទម្លាក់ប្រទេសចិន រក្សាក្រមសីលធម៌ មិនឲ្យខូចមុខខូចមាត់កម្ពុជា ជាពិសេសយកចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ជាតិ ។
ជាមួយនេះពួកគេ បានសន្យា និងប្ដេជ្ញាថានឹងប្រាប់ទៅកាន់បរទេស ដែលសិក្សានៅក្នុងសាកលវិទ្យាល័យជាមួយពួកគេ និងប្រជាជនចិន ពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងការចួលរួមរក្សាសន្តិភាពពិភពលោក ។ ហើយពួកគេក៏សន្យាថា នឹងផ្សព្វផ្សាយពីសក្ដានុពល និងតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងនោះមានប្រាសាទបុរាណនានា ទីតាំងវប្បធម៌ អរីយធម៌ ព្រៃភ្នំ និងសមុទ្រជាដើម ។
ក្នុងពេលដឹកនាំក្រុមនិស្សិត ទៅសិក្សានៅប្រទេសចិន ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមនិស្សិតដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅចិនមានចំនួនជិត៣០នាក់ ដោយនៅពេលនេះត្រូវធ្វើដំណើរចំនួន១៧នាក់សិន ហើយនៅចុងខែនេះ នឹងធ្វើដំណើរទៅបន្ថែមទៀត ។
ឯកឧត្តមបានបន្តថា ពួកគេនឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យគួយចូវ ក្រុងគួយយ៉ាង លើជំនាញបច្ចេកវិទ្យាកុំព្យូទ័រ (IT) និងជំនាញទីផ្សារ ដោយពួកគេត្រូវសិក្សាភាសាចំនួន ១ឆ្នាំ និងជំនាញ ២ឆ្នាំ ។ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង បានបន្ថែមថា តាមរយៈក្រុមការងាររបស់ឯកឧត្តម គឺបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅចិនបានជិត ៤០០នាក់ហើយ ដែលសិក្សាទៅលើជំនាញជាច្រើន ដូចជាជំនាញគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រចិន វិទ្យាសាស្ត្រចិន ស្ថាបត្យកម្ម ឱសថសាស្ត្រ បច្ចេកវិទ្យាកុំព្យូទ័រ និងជំនាញជាច្រើនទៀត ។
ឯកឧត្តមអនុប្រធានក្រុមការងារ បានបញ្ជាក់ថា បច្ចុប្បន្ននេះ និស្សិតដែលទទួលអាហារូបករណ៍ទាំងអស់នោះ គឺមានសិក្សាឆ្នាំទី៣ ឆ្នាំទី៤ ខណៈមួយចំនួនគ្រោងបញ្ចប់នៅឆ្នាំក្រោយ ហើយបន្ទាប់ពីមកកម្ពុជាវិញ ពួកគេនឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីទទួលបានឱកាសការងារទៅតាមជំនាញរបស់ពួកគេ។
ដោយនៅទៅដល់សាកលវិទ្យាល័យគួយចូវ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏បានទទួលស្វាគមន៍ឯកឧត្តមប្រធានដឹកនាំ និងសិស្សនិស្សិតដោយក្តីរាក់ទាក់៕
អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia