Connect with us

Uncategorized

ពុទ្ធ​បរិស័ទទៅធ្វើបុណ្យនាថ្ងៃបិណ្ឌ២ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព​ពលី​ការពារ​ទឹកដី

ប្រជា​ពុទ្ធបរិស័ទ បានបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅដ​ល់បុព្វការីជន ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃទី២ នេះ ជាពិ​សេស​មិន​ភ្លេច​ក្នុង​ការ​ឧទ្ទិស​កុសល​ផង​ដែរ​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​វីរៈ​កងទ័ព​ខ្មែរ​ដែល​បាន​លះ​បង់​អាយុ​ជីវិត​ដើម្បី​ការ​ពារជា​តិ​មាតុភូមិ។

ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃកាន់បិណ្ឌទី២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាន​នាំ​គ្នាអញ្ជើញទៅតាមទីវត្តអារាមនានា ដើម្បីធ្វើបុណ្យឧទ្ធិសកុសលដល់ញាតិការទាំង៧សណ្តាន ដែល​បាន​ចែកឋានទៅកាន់បរលោកខាងមុខ តាមសន្ធាបុណ្យ និងលទ្ធភាពរៀងៗខ្លួន។

នៅ​ព្រឹក​ថ្ងៃនេះ ពុទ្ធបរិស័ទច្រើនបានមូលមីនាំគ្នាទៅធ្វើបុណ្យដាក់ទាន និង​ឧទ្ទិស​កុសល​ជូន​ដូនតា ​នៅវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គុំ ដែលជាវត្តមួយចំណោមវត្តចំណោម៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លា ក្រោយការធ្វើបុណ្យទានរួច ព្រោះពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ​ជាថេរវេលាដែលក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវនាំគ្នាធ្វើបុណ្យ​ជូន​ដូនតា​បុព្វការី​ជន​។ ​ក៏ប៉ុន្តែក្នុងនាមជាប្រជាជាតិខ្មែរ ក៏ពុំភ្លេចឡើយ ចំពោះការឧទ្ទិស​បុណ្យ​ទៅ​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​វីរៈ​កងទ័ពកម្ពុជា ដែលបានពលីក្នុង​សមរភូមិ​ការពារ​ទឹកដី​កម្ពុជា​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​រដ្ឋ​បរទេស កាលពីឆ្នាំ២០២៥កន្លងទៅ។

ពុទ្ធបរិស័ទ អំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេសបន្តរួបរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជួយជាកម្លាំងចិត្ត ឬលទ្ធភាពនានា ដើម្បីគាំទ្រដល់វីរៈកងទ័ពនៅជួរមុខ ដែល​កំពុង​បំពេញ​ភារកិច្ច​ដ៏​ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ។

ពួក​គេ​បន្ត​ថា វីរភាពលះបង់ដ៏អង់អាចហានក្លារបស់វីរកងទ័ព វីរកងនគរបាលជាតិទាំងអស់ ទាំង​អ្នក​ដែល​បានពលីក្នុងសមរភូមិប្រយុទ្ធ និងអ្នកដែលកំពុង​ប្តូរ​ផ្តាច់​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន ​គឺឋិតក្នុងដួងចិត្ត និងការចងចាំជានិច្ចរបស់ប្រជាជនខ្មែរគ្រប់ៗគ្នា ដោយ​មិន​អាច​មិន​ភ្លេច​បាន​ឡើយ ពិសេសរាល់ពេលធ្វើបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពម្តងណា គឺតែងតែមាន​អារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំចង់ជាប់នោះឡើយ ។

សូមបញ្ជាក់ថា នៅតាមបណ្តាទីវត្តអារាមទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ ពី​សំណាក់​កង​កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ជូនប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញ​នាំ​គ្នា​ទៅ​​ធ្វើ​បុណ្យ​ប្រកប​ដោយ​ភាពសុខសាន្ត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia