Connect with us

ព័ត៌មាន

យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា

ក្រុមយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំ ដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា។ ជាតិរឹងមាំ រីកចម្រើន ត្រូវការយុវជនដែល​ពោរពេញ​ដោយ​សក្ដានុពល។

នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ នៃការទទួលពាក្យពីយុវជន យុវតីស្ម័គ្រចិត្ត សុំចូល​កាតព្វកិច្ចយោធា នឹងត្រូវបិទបញ្ចប់ក្នុងជំហានដំបូង សម្រាប់ឆ្នាំ២០២៦។

កម្លាំងកងរាជអាវុធហត្ថនៅតាមថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ ក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាការទទួលពាក្យ ដើម្បីបញ្ចូលទិន្នន័យតាមនីតិវិធី សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យចូលកាតព្វកិច្ច។

យុវជន បានបង្ហាញភាពក្លាហាន មិនងាករេ ក្នុងការចូលរួមការពារជាតិ ក្នុងពេលដែលពួកគេបានជាប់ជាយោធិនអាជីព ព្រោះប្រទេសជាតិមួយនេះ គឺពុំអាចជំនួសដោយការយកកម្លាំងជាតិសាសន៍ដទៃមកជួយការពារបានឡើយ មានតែយុវជនបន្តវេនរបស់កម្ពុជាប៉ុណ្ណោះ ។

សាច់ញាតិ និងអាណាព្យាបាលយុវជន យុវនារីស្ម័គ្រ ក៏បន្តការលើកទឹកចិត្ត និងគាំទ្រជាខ្លាំងចំពោះការចូលបំពេញកាតព្វកិច្ចយោធា និងរំពឹងថា រយៈពេល២ឆ្នាំ ក្នុងទីលានហ្នឹកហាត់ នឹងជួយដុះខាត់ ពង្រឹងសមត្ថភាពកូនៗរបស់ពួកគេ ដើម្បីក្លាយជាធនធានមានសមត្ថភាពសម្រាប់វិស័យការពារជាតិ។

គួរជម្រាបថា ការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងបិទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ យុវជនស្ម័គ្រចិត្តបំបេញកាតព្វកិច្ចយោធា ក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញបានដែរ តាមរយៈគេហទំព័រផ្លូវការរបស់ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា (គ.ក.យ) ៕ អត្ថបទ៖ លីហេង

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia