Connect with us

ព័ត៌មាន

កម្ពុជាលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ក្នុង​សន្និសីទពិភពលោកស្ដីពី “ការ​អភិវឌ្ឍ​ការ​អប់រំ និង​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦” នៅទីក្រុងធានជីន

គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ​ចូលរួម​សន្និសីទ​ពិភព​លោក​ស្ដីពី​ការ​អភិវឌ្ឍការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦ នៅ​ទី​ក្រុង​ធាន​ជីន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានអញ្ជើញចូល​រួម​ក្នុង​វេទិកា​តុ​មូល​ថ្នាក់​រដ្ឋ​មន្ត្រី​ ដែលផ្ដោតលើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈស្ដីពីក្របខណ្ឌស្ដង់ដាអប់រំ និង​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈពិភពលោក «កិច្ចព្រមព្រៀងប៉េកាំង» (Beijing Agreement) ដើម្បី​លើក​កម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃ TVET ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និង​តម្រូ​វកា​រ​ទីផ្សារការងារ ព្រមទាំងពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​នានា​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​មាន​ជំនាញ។

ក្នុងសុន្ទរកថាគន្លឹះក្រោមមូលបទ «ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៖ រួម​គ្នា​ទទួល​យក​ការផ្លាស់ប្ដូរ រួមគ្នាកសាងស្ដង់ដា រួមគ្នាបង្កើតអនាគត» ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពីការផ្លាស់​ប្ដូរ​បទ​ពិសោធ និងការបណ្ដុះបណ្ដាលតាមបែបប្រពៃណី ទៅជាការ​កសាង​ប្រព័ន្ធ​អភិវឌ្ឍ​ជំនាញ​ដែល​មាន​ទំនាក់​ទំនងគ្នា ដោយមានការចូលរួមពីរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យឯកជន និង​ដៃ​គូអភិវឌ្ឍ។

ឯកឧត្តមបានលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន រួមមាន៖

១. ការធ្វើទំនើបកម្ម TVET តាមរយៈការបញ្ចូលជំនាញឌីជីថល បញ្ញាសិប្បនិម្មិត (AI) និង​បច្ចេក​វិទ្យា​ថ្មីៗក្នុងការបណ្ដុះបណ្ដាល

២. ការអភិវឌ្ឍជំនាញបៃតង និងជំនាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

៣. ការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងវិស័យឯកជន ដើម្បី​ធានា​ថា​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ឆ្លើយ​តបនឹងតម្រូវការឧស្សាហកម្ម និងជំរុញការរៀននៅកន្លែងការងារ

៤. ការលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត តាមរយៈការបង្កើនជំនាញ និងការ​អភិវឌ្ឍ​ជំនាញ​ថ្មី​ៗ​ ដើម្បីឱ្យកម្លាំងពលកម្មអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៃទីផ្សារការងារ។

ឯកឧត្តម​បណ្ឌិត រដ្ឋលេខាធិការ ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗ រួមមាន ភាពមិនស៊ី​គ្នា​រវាង​ជំនាញ និងតម្រូវការការងារ ការទទួលស្គាល់គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈ ភាពខុស​គ្នា​នៃ​សមត្ថ​ភាព​ស្ថាប័ន និងការចូលរួមមិនទាន់ស្មើគ្នារបស់វិស័យឯកជន។ ឯកឧត្តមបណ្ឌិត បាន​សង្កត់​ធ្ងន់​ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គួរផ្ដោតលើលទ្ធផលជាក់ស្ដែង ការពង្រឹង​ភាព​ត​ភ្ជាប់​រវាង​ប្រព័ន្ធ​បណ្ដុះបណ្ដាល និងការទទួលស្គាល់ជំនាញរវាងប្រទេស ព្រមទាំងការ​ពង្រីក​ឱកាស​ការងារ និងការលើកកម្ពស់សមធម៌ និងបរិយាបន្ន។

ជាមួយ​គ្នា​នេះ គណៈប្រតិភូកម្ពុជាបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង​ក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និង​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ ដែលការចុះហត្ថ​លេខា​នេះ​បង្ហាញ​ពី​ការ​បន្ត​ពង្រឹង​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំងពីរ ក្នុងការផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងការអនុវត្តល្អៗ ព្រមទាំង​គាំទ្រ​ការ​អភិវឌ្ឍជំនាញ និងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

ការ​ចូលរួមក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី និងពិធីចុះ MoU នេះ បង្ហាញពីការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុងកា​រព​ង្រឹងគុណភាព TVET និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយផ្ដោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ការបង្កើតឱកាសការងារ និងការ​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia