Connect with us

ព័ត៌មាន

សហព័ន្ធនិស្សិត៖ ការតស៊ូមតិលើឆាកអន្ដរជាតិឱ្យថៃគោរពច្បាប់ ជួយ​ពង្រឹង​កម្លាំង​គាំទ្រ​ពី​អន្ដរជាតិ​លើ​កម្ពុជា

សហព័ន្ធនិស្សិតកម្ពុជានៅបរទេសថា យុទ្ធសាស្រ្ដសម្ដេចធិបតី ដែលបន្តនាំយកជំហរសន្ដិភាព ទាមទារ​ឱ្យ​ថៃ​គោរពច្បាប់អន្ដរជាតិ ជាការជួយពង្រឹងកម្លាំងគាំទ្រ ពីអន្ដរជាតិលើកម្ពុជា។

លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស ប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ថា យុទ្ធសាស្រ្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី ដែលបន្តនាំយកជំហរសន្ដិភាព ការគោរពច្បាប់អន្ដរជាតិ ទាមទារឱ្យថៃ ដោះ​ស្រាយ​ជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី នៅគ្រប់វេទិកាអន្ដរជាតិ គឺជា​យុទ្ធសាស្រ្ដ​កៀរ​​គរ​កម្លាំង​គាំទ្រ​ពី​អន្ដរជាតិលើកម្ពុជា។ លោកថា ក្នុងបរិបទដែលពិភពលោកបន្តមានជម្លោះ ប្រទេស​មាន​កម្លាំង​ទ័ពធំ​ បំពានលើប្រទេសតូច ការបន្តជំរុញឱ្យលើកកម្ពស់ពហុភាគីនិយម និងការគោរព​ច្បាប់​អន្ដរជាតិ​ពិត​ជាមានសារៈសំខាន់។ ហើយសម្រាប់កម្ពុជា ការក្ដាប់ឱកាសយក​វេទិកា​អន្ដរជាតិ លាតត្រដាងការឈ្លានពានរបស់ថៃ មិនត្រឹមតែជាការការពារអធិបតេយ្យភាព និង​បូរណ​ភាព​ទឹក​ដីក​ម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើកកម្ពស់កិត្តិយស និងឥទ្ធិពលការ​បរទេស​របស់​កម្ពុជា​ ទាញការគាំទ្រពីអន្ដរជាតិដែលស្អប់ខ្ពើមសង្រ្គាមឈ្លានពាន។

លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំការ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស ៖ «ខ្ញុំ​យល់​ឃើញ​ថា ​យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺជាយុទ្ធសាស្រ្ដមួយ ដែលយើងអាចនិយាយបាន ថា ជា​យុទ្ធ​សាស្រ្ដ​ស​ន្ដិភាពនិយម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានមូលដ្ឋាន​ច្បាប់​អន្ដរជាតិ​រឹង​មាំ​បំផុត​។ ​ខ្ញុំមើលឃើញ ថា កត្តាចាំបាច់ ដែលកម្ពុជាត្រូវតែ នាំជំហរ របស់កម្ពុជា ប្រាប់ទៅអន្ដរជាតិ ពី​ជំហរសន្តិភាព និងទាមទារឱ្យគ្រប់ប្រទេស គោរពច្បាប់អន្ដរជាតិ ជាពិសេស​ទាមទារ​ឱ្យ​ប្រទេស​ជិ​ត​ខាងរបស់យើង គោរពច្បាប់អន្ដរជាតិ គឺជាយុទ្ធសាស្រ្ដការទូតដ៏ឆ្លាតវៃ។ តាមរយៈយុទ្ធសាស្រ្ដ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងធ្វើបច្ចុប្បន្ននេះ នៅក្នុងក្រសែភ្នែកសហគមន៍អន្ដរជាតិ ទី១ សហគមន៍អន្ដរជាតិ អាចនឹងមើលឃើញកម្ពុជា ជារដ្ឋអធិបតេយ្យ ដែលប្រកាន់​ខ្ជាប់​នូវ​នីតិ​រដ្ឋ​អន្ដរជាតិ​ ដែលកម្ពុជាតែងតែគោរពសន្ដិភាព មិនឈ្លានពានប្រទេសណាមួយ និងប្រើប្រាស់​ច្បាប់​អន្ដរ​ជាតិ​ជា​ខែល​ការពារ ទី២ អន្ដរជាតិអាចនឹងមើលឃើញកម្ពុជា ជាប្រទេសដែលមាន ជំហរ​ម៉ឺង​ម៉ាត់​ មិនអត់ឱនចំពោះការរំលោភបំពានបូរណភាពទឹកដីរបស់កម្ពុជា និងទី៣ សហគមន៍​អន្ដរជាតិ​នឹង​មើល​ឃើញ​កម្ពុជា ជាដៃគូកាទូតដែលអាចទុកចិត្តបាន។»

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយន្ដការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់។ ហើយនៅគ្រប់វេទិកាអន្ដរជាតិ ថ្នាក់ដឹកនាំកម្ពុជា តែង​តែប​ញ្ជាក់ពីជំហរសន្ដិភាពនិយម ការគោរពច្បាប់អន្ដរជាតិ និងទាមទារ​ឱ្យ​ថៃ​ដោះ​ស្រាយ​ជម្លោះដោ​យ​យកច្បាប់អន្ដរជាតិជាគោល។ ជាក់ស្ដែងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទ ស្ដីពី អន្ដរសកម្មភាព និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅប្រទេស អាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០២៦ សម្ដេចបានបន្តលាតត្រដាង ពីអំពើឈ្លានពាន របស់ថៃ លើដែន​អធិបតេយ្យ​កម្ពុជា និងទាមទារឱ្យថៃ ដោះស្រាយជម្លោះដោយសន្តិវិធី ប្រគល់ត្រឡប់មកវិញដីផ្ទះ របស់​ពលរដ្ឋ​ខ្មែរជាង ២ម៉ឺននាក់ ដែលយោធា ថៃកំពុងកាន់កាប់ដោយខុសច្បាប់៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia