ព័ត៌មាន
បញ្ចប់ជាស្ថាពរហើយ! ប្រាសាទមេបុណ្យខាងលិចអាចឈររឹងមាំបានរយៈពេលជាង ១០០ឆ្នាំទៀត ក្រោយចំណាយពេលជួសជុលអស់ ១៤ឆ្នាំ
បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីចំណាយពេលជួសជុលអស់ ១៤ឆ្នាំ ក្នុងទឹកប្រាក់ចំនួន ១២លានដុល្លារ។ តួប្រាង្គចំនួន១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្គព្រះវិស្ណុផ្ទុំនៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ នៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ពោរពេញដោយក្តីជឿជាក់ថា តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច ជាទ្រង់ទ្រាយធំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រាសាទអាចនឹងនៅឈររឹងមាំបង្ហាញភ្នែកទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោចណាស់ក៏៥០ ទៅ១៥០ឆ្នាំខាងមុខ និងលើសនេះ បើមានការថែទាំជាប្រចាំ។

ឯកឧត្តម បញ្ជាក់ទៀតថា រយៈពេល១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេង មកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។ លើសពីនេះទៅទៀតអាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានាឱ្យការដ្ឋានជួសជុលនោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ១២ខែ មិនឱ្យទឹកចូលមករំខានបាន និងធានាឱ្យបានការស្រោចស្រពស្រែជាង៧០០០ ហិកតា ព្រមទាំងផ្គត់ផ្គងក្នុងការផលិតទឹកស្អាតសម្រាប់ក្រុងសៀមរាប។

ចំណែកឯកឧត្តម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណនានា ឱ្យដឹងថា ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល១៤ឆ្នាំមកនេះ គឺបានប្រើកម្លាំងកម្មករចំនួនប្រមាណជាង១០០នាក់ បំពេញកិច្ចការទៅតាមផ្នែកសំខាន់ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬសម្ភារៈផ្សេងៗ។ចុងក្រោយក្រុមការងារផ្នែករៀបចំសោភ័ណភាពបរិស្ថាន និងរៀបចំផ្លូវដើរសម្រាប់ភ្ញៀវទេសចរទស្សនាជាដើម។ ឯកឧត្តមបានបង្ហាញមោទនភាពយ៉ាងខ្លាំង នៅពេលឃើញប្រាសាទមេបុណ្យខាងលិច ដែលធ្លាប់តែបែកបាក់ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតឡើងវិញ នៅកណ្ដាលផ្ទៃទឹកដ៏ធំល្វឹងល្វើយដូចនេះ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រីស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ទីតាំងស្ថិតនៅលើកោះ ចំកណ្តាលបារាយណ៍ទឹកថ្លា។ បច្ចុប្បន្ន ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេចធ្លោរបស់ប្រាសាទមេបុណ្យខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ នៅចំកណ្ដាលស្រះនៃប្រាសាទ ដែលព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦។ ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដងមកហើយ ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បានសហប្រតិបត្តិការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែបានបញ្ចប់ជាស្ថាពរ។ ពិធីសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ នៅប្រាសាទមេបុណ្យខាងលិច នឹងរៀបចំនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕
















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣