ព័ត៌មាន
កម្ពុជា-ក្រូអាត ជំរុញកិច្ចសហប្រតិបត្តិការនិង នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
កម្ពុជា និងក្រូអាត ជំរុញកិច្ចសហប្រតិបត្តិការសកម្មភាពមីន និង នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម ជាពិសេសបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ។
ការជម្រុញបែបនេះធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការ បរទេស និង កិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានដឹក នាំកិច្ចសន្ទនាកម្ពុជា-ក្រូអាតស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិ
បត្តិការក្នុងវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូតដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និង ភាគីពាក់ព័ន្ធ ។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានអបអរសាទរចំពោះក្រូអាត ដែលបានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០គ្រាប់ ដែលជាបទពិសោ ធន៍ដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣.៥០០ គីឡូម៉ែត្រក្រឡា និង កម្ទេចមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤ លានគ្រាប់ ។ ទោះបីប្រឈមនឹងការរកឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជានៅ តែប្តេជ្ញាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះនៅឆ្នាំ ២០៣៥ ។
ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា បច្ចេក វិទ្យា ដូចជាដ្រូន រូបភាពផ្កាយរណបឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត មានតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធ ភាពការងារបោសសម្អាតមីន ។ ទោះជាយ៉ាងណា កត្តាស្នូលនៃភាពជោគជ័យនៅតែជាមនុស្ស រួមមានអ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ ការជួយជនរងគ្រោះ និង ស្ថាប័នដែលមានសមត្ថភាពរឹងមាំ។ បទពិសោធន៍របស់ក្រូអាតក្នុងការបញ្ចប់ការងារបោសសម្អាតមីន នឹងផ្តល់មេរៀនដ៏មានតម្លៃដល់កម្ពុជា ជាពិសេសការដោះស្រាយតំបន់លំបាកចុងក្រោយ និងការបន្តជួយជនរងគ្រោះរយៈពេលវែង ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមានបទ ពិសោធន៍ និងសមត្ថភាពជាតិដ៏រឹងមាំក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួន និង រៀនសូត្រពីក្រូអាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រូអាត និងអ្នកចូលរួមទាំងអស់ដែលបានចែករំលែកចំណេះដឹង និង បទពិសោធន៍ដោយបើកចំហ ព្រមទាំងជំរុញឱ្យភាគីទាំងពីរប្រែក្លាយចំណេះ ដឹងទៅជាសកម្មភាពរួមជាក់លាក់ រួមមាន ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និង ការពង្រឹងជំនួយដល់ជនរងគ្រោះ ។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និង ក្រូអាត នឹងបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម ៕ អត្ថបទ,ភារម្យ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា