Connect with us

ព័ត៌មាន

ធនាគារ FTB ចុះកិច្ចព្រមព្រៀងជាមួយ SME Bank និង CGCC គាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីគាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានរៀបចំពិធីចុះហត្ថលេខាដ៏មាន សារៈសំខាន់លើ «កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល» រវាង FTB និងធនាគារសហគ្រាសធុន តូច និងមធ្យមកម្ពុជា (SME Bank) និង «កិច្ចព្រមព្រៀងស្ដីពីគម្រោងធានាឥណទានសម្រាប់ប្រសិទ្ធភាពថាមពល» រវាង FTB និង សាជីវកម្មធានាឥណទានកម្ពុជា (CGCC), គម្រោងនេះបង្កើតឡើងដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានដល់សហគ្រាស សម្រាប់ការវិនិយោគលើបច្ចេកវិទ្យា ម៉ាស៊ីន បរិក្ខារ អគារ និងប្រព័ន្ធផលិតកម្មដែលប្រើប្រាស់ថាមពល កាន់តែមានប្រសិទ្ធភាព ក្រោម ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងរ៉ែ និងថាមពល។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB លើកឡើងថា ការចុះហត្ថលេខានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ច សហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងធនាគារ FTB ធនាគារ SME Bank និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នា គាំទ្រដល់ការធ្វើទំនើបកម្មសហគ្រាស ការបង្កើនប្រសិទ្ធភាពថាមពល ការលើកកម្ពស់ហិរញ្ញវត្ថុ បៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងថា ការផ្តល់ហិរញ្ញប្បទានដែលមាន អត្រាការប្រាក់សមរម្យរយៈពេលសងត្រឡប់សមស្រប គឺជាកត្តាសំខាន់ក្នុងការជួយអាជីវកម្មអាចសម្រេចចិត្តវិនិយោគ និងរៀបចំផែន ការអាជីវកម្មរបស់ខ្លួនដោយទំនុកចិត្ត ។ ក្នុងន័យនេះគម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល បានត្រៀមថវិកាចំនួន ២០ លាន ដុល្លារអាមេរិក សម្រាប់ធនាគារដៃគូ ដោយក្នុងនោះរួមទាំងធនាគារ FTB ផងដែរ។

លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើកឡើងផងដែរថា ដើម្បីគាំទ្រដល់ការអនុវត្ត គម្រោងមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល EERF, សាជីវកម្មធានាឥណទានកម្ពុជាបានបង្កើតគម្រោង EEGS ក្នុងគោលដៅ ផ្តល់ការធានាលើកម្ចីសរុប ២០ លានដុល្លារអាមេរិក លើគម្រោងបង្កើនប្រសិទ្ធភាពថាមពលនេះ។

តាមរយៈគម្រោងខាងលើ, លោកស្រី YasminSiddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថា នឹងបានឃើញការវិនិយោគប្រកបដោយជោគជ័យ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិលជុំសម្រាប់ប្រសិទ្ធភាពថាមពល ព្រម ទាំងរំពឹងថា នឹងអាចចងក្រងជាករណីសិក្សាជាក់ស្តែង ដែលបង្ហាញពីតម្លៃអាជីវកម្មនៃប្រសិទ្ធភាពថាមពល។

តាមរយៈមូលនិធិ EERF នេះ ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម នឹងទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់សមរម្យ រយៈពេលឥណទានអំណោយផល និងយន្តការធានាឥណទាន ដែលជួយកាត់បន្ថយថ្លៃដើម ប្រតិបត្តិការ បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងផ្តល់អាទិភាពដល់សហគ្រាសដែលដឹកនាំដោយ ស្ត្រីផងដែរ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia