Connect with us

ព័ត៌មាន

ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និង​សុខភាព​ការងារ​ដល់​គ្រឹះស្ថាន TVET

វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែ​តុលា​) ​ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET​» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

កម្ម​វិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេ​ខាធិការក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង​បំពាក់​បំប៉ន​ចំណេះ​ដឹង​ផ្នែក​សុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការ​បញ្ជ្រាប​វប្បធម៌​សុវត្ថិភាព​ទៅ​ក្នុង​កម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រដល់​ការ​រៀប​ចំ​ផែន​ការ​សកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យ​ខ្ពស់​មុន​ពេល​ពួក​គាត់ឈានជើងចូលក្នុងទីផ្សារការងារ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និង​សុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍​អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ជាដើម។ ឯកឧត្តមគូសបញ្ជាក់ថា ប្រសិន​បើ​គ្មាន​ការ​បំពាក់​បំប៉ន​វិធានការការពារទុកជាមុននោះទេ ពួកគាត់អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទាំង​ក្នុង​ពេល​សិ​​ក្សា និងពេលចេញទៅបំពេញការងារ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិនិយោគ​លើ​ចំណេះ​ដឹង​ផ្នែក​សុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់​បន្ថយ​ការ​ខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និ​យោជក។

ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូប​ង្រៀន និងថ្នាក់ដឹកនាំគ្រឹះ​ស្ថានដែលបានចូលរួម គឺជាតួអង្គស្នូល​ក្នុង​ការ​នាំយក​ផែន​ការ​សកម្មភាព​ទាំង​នោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺ​ជា​ផ្នែក​មួយ​នៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញ​ពិត​ប្រាកដ​មិន​ត្រឹម​តែ​ធ្វើ​ការ​បាន​លឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវ​ចេះ​ធ្វើ​ការ​ដោយ​មាន​សុវត្ថិភាព​ទាំង​សម្រាប់​ខ្លួន​ឯង និងអ្នកជុំវិញខ្លួនផងដែរ។

ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណ​ភាព​បណ្តុះ​បណ្តាល​បច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំង​ពលកម្ម​ដែល​មាន​ទាំង​ជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia