Connect with us

ព័ត៌មាន

UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើការកោតសរសើរកម្ពុជា ថាគឺជាប្រទេសគំរូឆ្នើមមួយនៅលើឆាកអន្ដរជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីពហុភាគីនិយម និងការចូលរួមយ៉ាងសកម្មក្នុងការកសាង និងរក្សាសន្ដិភាពពិភពលោក។

លោកជំទាវ វ្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ នៅក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា គិតមកដល់ពេលនេះ គឺមានរយៈពេល៧១ឆ្នាំហើយ ដែលកម្ពុជា បានចូលជាសមាជិកអង្គការសហប្រជាជាតិ។ កម្ពុជាបានក្លាយជារដ្ឋសមាជិកមួយ ដែលទទួលបានការគោរព និងជាអ្នកគាំទ្រយ៉ាងខ្ជាប់ខ្ជូនចំពោះពហុភាគីនិយម និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជា បានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្ដិភាព ទៅជាប្រទេសមួយដែលមានមោទនភាពក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាព ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពលើឆាកអន្ដរជាតិ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា «កាលពីជាង៣ទសវត្សរ៍កន្លងមក កងកម្លាំងរក្សាសន្ដិភាពអង្គការសហប្រជាជាតិ បានមកបំពេញបេសកកម្មនៅទីនេះ តាមរយៈអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ថ្ងៃនេះកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជា បាននិងកំពុងបំពេញបេសកកម្មនៅតំបន់មួយចំនួនដែលមានភាពផុយស្រួយបំផុតក្នុងពិភពលោក។ កម្ពុជា បានក្លាយពីប្រទេសមួយដែលធ្លាប់ទទួលវត្តមានកងកម្លាំងមួកខៀវ មកជាប្រទេសមួយដែលមានមោទនភាពក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាព ដែលនេះគឺជាសក្ខីភាពដ៏អស្ចារ្យ នៃភាពជាដៃគូរបស់យើង ព្រមទាំងបានសបញ្ជាក់ពីភាពរឹងមាំ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្ដិភាពលើពិភពលោក»។

លោកស្រី បានសង្កត់ធ្ងន់ថា នៅក្នុងពេលដែលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ព្រោះការកើនឡើងជម្លោះ ភាពតានតឹង គឺបានបង្កទុក្ខលំបាកធ្ងន់ធ្ងរដល់ជនស៊ីវិល។ អង្គការសហប្រជាជាតិ យល់ស្របតាមការលើកឡើងរបស់កម្ពុជា ដែលថាសន្ដិភាព មិនអាចនាំចូលពីបរទេសបានទេ សន្ដិភាព ត្រូវតែកសាងឡើងពីមូលដ្ឋាន ដែលប្រវត្តិសាស្រ្ដរបស់កម្ពុជា គឺបង្ហាញភាពពិត នៃសម្ដីនេះ។

លោកជំទាវ បានបញ្ជាក់ថា សម្រាប់អង្គការសហប្រជាជាតិ មានទំនុកចិត្តលើកម្ពុជា ក្នុងនាមជាដៃគូក្នុងការកំណត់ទិសដៅអនាគត នៃប្រតិបត្តិការរក្សាសន្ដិភាព ដោយផ្ដោតលើការទប់ស្កាត់ជម្លោះភាពជាអ្នកដឹកនាំរបស់ស្រ្ដី និងការការពារជនស៊ីវិល។ ហើយអង្គការសហប្រជាជាតិ នឹងនៅតែបន្តឈរជាមួយកម្ពុជាដើម្បីសន្ដិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia