Connect with us

ព័ត៌មាន

ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ

នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីកាត់ខ្សែបូបើកជាផ្លូវការនូវ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) យ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។

ព្រឹត្តិការណ៍កសិកម្មដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីវាគ្មិនជំនាញផ្នែកកសិកម្ម និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។

នៅក្នុងព្រឹត្តិការណ៍ កាហ្វេ២៦ ឆ្នាំនេះ មានការរៀបចំស្តង់ពិព័រណ៍ប្រមាណជា ៤០០ស្តង់ ដោយមានការដាក់បង្ហាញយ៉ាងត្រជាក់ភ្នែកនូវ កសិផលយុទ្ធសាស្ត្រធំៗចំនួន ៩មុខ រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ព្រមទាំងផលិតផលកសិកម្មផ្សេងៗជាច្រើនទៀត។

បន្ថែមពីនេះ ពិព័រណ៍ក៏មានការតាំងបង្ហាញគ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម ព្រមទាំងបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ទំនើបៗផងដែរ។ តាមការរំពឹងទុក ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន៥ពាន់នាក់ និងកសិករជាង ២ពាន់នាក់។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖លើកកម្ពស់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ក្នុងវិស័យកសិកម្ម។ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា។ បង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗ លើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ។ ពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia