Connect with us

ព័ត៌មាន

Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន

គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការជាង៥០០ករណី លើទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួនជាង៩០០កន្លែង ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗជិត៩០កន្លែង មុខសញ្ញាដែលជាមេក្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនល្មើសជិត៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួន។

ជុំវិញវឌ្ឍនភាពនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ឆៃ ស៊ីណារិទ្ធ អនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រាប់ BTV ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចក្នុងរាជធានី-ខេត្ត បាននិងកំពុងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបន្តបោសសម្អាត និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដកដៃឡើយ។ ជាលទ្ធផល គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការសរុប ៥២៩ ករណី លើទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៩១០ កន្លែង ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗទាំងអស់ចំនួន ៨៦ កន្លែង មុខសញ្ញាដែលជាមេក្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនល្មើសជាច្រើនសញ្ជាតិចំនួន ៥,៧៧៨ នាក់ ត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួន ហើយបន្តអនុវត្តនីតិវីធីស៊ើបសួរនៅក្នុងសំណុំរឿងនីមួយៗ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការត្រួតពិនិត្យ ស្រាវជ្រាវសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងកាស៊ីណូ ដោយកំណត់ល្បែងស៊ីសង ឬល្បែងភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចគ្នានឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល បានរកឃើញទីតាំងកាស៊ីណូដែលប្រព្រឹត្តបទល្មើសមានចំនួន២៨ទីតាំង ដែលកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេតខាងលើ។ អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តនីតិវិធីលើជនបរទេសដែលត្រូវបានរកឃើញនៅតាមបណ្តាទីតាំងប្រតិបត្តិការ ដោយភាគច្រើនជាអ្នកដែលចាញ់បោកការលួងលោមរបស់ក្រុមមេខ្លោងឧក្រិដ្ឋជនឆបោក ឬបានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍សរុបចំនួន ២២,៨៩២ នាក់ មាន ៤០ សញ្ជាតិ និងបានបញ្ជូនត្រលប់ទៅប្រទេសកំណើតខ្លួនវិញស្របតាមច្បាប់អន្តោប្រវេសន៍ និងនិយាមមនុស្សធម៌អន្តរជាតិ។ ទន្ទឹមនឹងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់ក្នុងការប្រឆាំងការសម្អាតប្រាក់ ដោយបានស្រាវជ្រាវស្វែងរកទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស និងជាផលនៃបទល្មើស ដើម្បី កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុនៃបទល្មើស ដោយតុលាការបានសម្រេចបង្កកប្រាក់នៅក្នុងគណនីធនាគារបានសរុបជាង ៣០០ លានដុល្លារអាម៉េរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិជាចលនវត្ថុ និងអចលនវត្ថុជាច្រើនផ្សេងទៀតដែលត្រូវបានប៉ាន់ស្មានមានតម្លៃរាប់រយលានដុល្លារអាម៉េរិក៕អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia