ព័ត៌មាន
GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន GS25 ដែលជាម៉ាកយីហោហាងលក់ទំនិញម៉ាតរបស់សាធារណរដ្ឋកូរ៉េ និងដំណើរការដោយក្រុមហ៊ុន GS Retail បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនកំពុងឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ (Master Franchise) ជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន META Retail ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ និងការពិនិត្យរួមគ្នា អស់រយៈពេលមួយឆ្នាំរវាងក្រុមហ៊ុនទាំងពីរ។ ក្រុមហ៊ុន GS25 បើកសាខាគោលដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយនឹងគោលដៅពង្រីកសាខាឱ្យបាន ៥០០ ហាងនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុនបានចង្អុលបង្ហាញពីការកើនឡើងនៃអំណាចទិញរបស់អ្នកប្រើប្រាស់ និងចំនួនប្រជាជនវ័យក្មេង ថា ជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការសម្រេចចិត្តនេះដែលជាក្រុមអតិថិជននិយមទិញទំនិញនៅតាមហាងលក់ទំនិញក្នុងផ្សារទំនើបច្រើនជាងគេ។
សាខាដំបូងនេះមានទំហំជាង ៣០០ ម៉ែត្រការ៉េ និងមានដាក់លក់ផលិតផលប្រមាណ ៣,០០០ មុខ។ ផលិតផលទាំងនោះ រួមមាន ម៉ាកយីហោផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនគឺ យូអឺស (YOUUS) និង Real Price ក៏ដូចជា គ្រឿងសំអាងកូរ៉េ ម៉ាក Son&Park ជាដើម។ ចំណែក ជម្រើសអាហារដ៏សម្បូរបែបនៅក្នុងហាង រួមមាន កាហ្វេឆុងថ្មីៗ អាហារតាមផ្លូវបែបកូរ៉េ អាហារសម្រន់កូរ៉េ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ និងរូបរាងទាក់ទាញ។ ជាមួយគ្នានេះ ហាងក៏មានផ្តល់ជូននូវអាហារដែលរៀបចំរួចជាស្រេច អាចទទួលទានបានភ្លាមៗ ព្រមទាំង អាហារវេចខ្ចប់ដែលងាយស្រួលយកតាមខ្លួន ដូចជា សាមកាក់គីមបាប់ (Samgak Gimbap) គីមបាប់ សាំងវិចបែបកូរ៉េ បាយប្រអប់បែបកូរ៉េ តុកបុកគី (Tteokbokki) និងស៊ុបអូមុក (Eomuk)។
ទីតាំងនេះត្រូវបានរចនាឡើងដើម្បីក្លាយជាកន្លែងជួបជុំសង្គមដែលបើកដំណើរការ ២៤ ម៉ោង ដោយរួមបញ្ចូលគ្នាជាមួយនឹងគំនិត ហាងកាហ្វេបែបស៊ីវិល័យ ដែលផ្តោតលើអតិថិជនក្នុងស្រុកដែលជាយុវវ័យជំនាន់ Gen Z និងអ្នកធ្វើការវ័យក្មេង។
ស្របពេលទីផ្សារហាងលក់ទំនិញងាយស្រួលនៅប្រទេសកូរ៉េកំពុងឈានដល់កម្រិតពេញលេញ ការពង្រីកខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសគឺជាជំហានបន្ទាប់ដ៏សមហេតុផលសម្រាប់ក្រុមហ៊ុន GS25។ វត្តមានម៉ាកយីហោនេះត្រូវបានរំពឹងថា នឹងនាំមកនូវបទពិសោធន៍ហាងលក់ទំនិញងាយស្រួលនៅក្នុងប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀត។
ក្រុមហ៊ុន GS Retail Co., Ltd. គឺជាក្រុមហ៊ុនលក់រាយរបស់ប្រទេសកូរ៉េខាងត្បូង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន GS Group ដែលមានទីស្នាក់ការកណ្តាលនៅអគារ GS Tower ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ហាង GS25 ដែលត្រូវបានរំពឹងថានឹងមានសាខាសរុបប្រមាណ ២០,០០០ ហាងនៅទូទាំងប្រទេសកូរ៉េខាងត្បូងត្រឹមចុងឆ្នាំ២០២៦។
ក្រុមហ៊ុន META Retail Co., Ltd. គឺជាអ្នកគ្រប់គ្រងសិទ្ធិផ្តាច់មុខមេរបស់ GS25 នៅក្នុងប្រទេសកម្ពុជា ដោយជំរុញកំណើន និងការពង្រីកខ្លួនរបស់ម៉ាកយីហោនេះនៅក្នុងទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយសមត្ថភាពដ៏រឹងមាំលើខ្សែច្រវាក់ផ្គត់ផ្គង់ ទីផ្សារ និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រតិបត្តិការ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការរក្សាបុគ្គលិក រួមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួនផងដែរ៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 day agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន3 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង