Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ដែលមានភាពសកម្មខ្លាំង លើការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ជួយកិច្ចការសង្គម វប្បធម៌ សាសនា និងអប់រំ ជាពិសេសនាមួយឆ្នាំចុងក្រោយនេះ បានចូលរួមចំណែកជួយពលរដ្ឋក្នុងពេលទឹកជំនន់ ជួយពលរដ្ឋភៀសសឹក និងចូលរួមគាំទ្រវីរកងទ័ពនៅជួរមុខ។ ឯកឧត្តមប្រធាន ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។

បើតាមឯកឧត្តម ហ៊ុន ម៉ានី សមិទ្ធផលក្រុមការងារទាំងបួន ក្រោមការទទួលដឹកនាំរបស់ឯកឧត្តម ស សុខា បានដើរស្របតាមផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅឆ្នាំ២០២៨ ជាពិសេសឯកឧត្តមផ្ទាល់សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងការងាររចនាសម្ព័ន្ធចាត់តាំងគ្របដណ្តប់ដល់មូលដ្ឋាន ការងារសង្គមនិងមនុស្សធម៌ ការងារវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ការងារអប់រំ បណ្តុះបណ្តាលនិងកីឡា និងការផ្តល់ជូនអាហារូបករណ៍ក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានេះ ក្នុងស្ថានភាពដែលពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាកម្ពុជាត្រូវការយុវជនដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាព មានគុណធម៌និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះឯកឧត្តមបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន ៥ រួមមាន ទី១.យុវជន ត្រូវជាអ្នកការពារសន្តិភាពនិងអត្តសញ្ញាណជាតិ ទី២.យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន ទី៣.យុវជនត្រូវជាតួអង្គនៃបរិវត្តកម្មឌីជីថល ទី៤.យុវជន ត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥.យុវជន ត្រូវមានគុណធម៌ ស្ម័គ្រចិត្ត និងចេះបម្រើ។

យោងតាមរបាយការណ៍របស់អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ បើរៀបរាប់សង្ខេបមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានដាំកូនឈើសម្រេចរហូតដល់ទៅ ១ម៉ឺនដើម បានបិទចំណាំងផ្លាតគោយន្ត ប្រជាកសិករចំនួន៣៥០គ្រឿង សម្អាតបរិស្ថានសាធារណៈ២២៩លើក ផ្ដល់ជំនួយឧបត្ថម្ភពលរដ្ឋជួបការលំបាកជាង២០០គ្រួសារ ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន១២លើក។

ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង ឯកឧត្តម ស សុខា បានរំលេច អំពីការអនុវត្តការងារអប់រំ បណ្តុះបណ្តាល និងកីឡា ដែលសម្រេចបានដល់ទៅ១៣៣លើក ការងារបរិស្ថាន និងអនាម័យសុខភាព៦២លើក និងការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រេចបាន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ការងារសង្គម មនុស្សធម៌ បរិច្ចាគ និងបរិស្ថាន សម្រេចបាន៦៦៥លើក ការងារវប្បធម៌ សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗ១៧៧លើក និងការងារអប់រំ និងកីឡា ១៨៨លើក។

ដោយឡែកក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អាហារូបករណ៍ ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្ស និស្សិត មកពីគ្រួសារជួបការលំបាក ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៧៥កន្លែង ដែលបើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦ នេះ ក្រុមការងារអាហារូបករណ៍ បានផ្តល់ជូនសិស្ស-និស្សិត សរុបចំនួន៥.៨៣៧កន្លែងហើយ។

ភ្ជាប់នឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបាននេះ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បន្តពង្រឹង និងពង្រីកសមាជិកភាពព្រមទាំងធ្វើឱ្យរចនាសម្ព័ន្ធអង្គការកាន់តែរឹងមាំ ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិកភាព និងការតាមដានវឌ្ឍនភាពការងារ ពង្រីកការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យឆ្លើយតបនឹងតម្រូវការសង្គម ពង្រឹងការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ និងពង្រីកបណ្តាញសហការជាមួយវិស័យឯកជន។

ឯកឧត្តមប្រធានក៏បានណែនាំឱ្យយកចិត្តទុកដាក់ បង្កើនការយល់ដឹងអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌ការងារ ពង្រឹងការគ្រប់គ្រងធនធាន និងស្វែងរកប្រភពគាំទ្រ សម្រាប់សកម្មភាពការងារ ពោលគឺ ថវិកាតិច ប្រើប្រាស់ត្រូវកន្លែង និងមានតម្លាភាព នឹងនាំមកនូវជំនឿទុកចិត្ត និងការគាំទ្របន្ថែមទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំបែងចែកភារកិច្ច និងប្រើប្រាស់សមត្ថភាពសមាជិក ឱ្យបានសមស្រប ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីសមាជិកជំនាន់ថ្មី ប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់យុវជនម្នាក់ៗឱ្យចំគោលដៅ ព្រមទាំងបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីធានានិរន្តរភាពការងាររបស់ស.ស.យ.ក.។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia