Connect with us

កីឡា

ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ

ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដោយ​នឹង​មានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ចំនួន ២ នាថ្ងៃទី១១ និងថ្ងៃទី២៩ ខែ​សីហា​ខាង​មុខ ដើម្បីផ្សារភ្ជាប់ក្ដីនឹករលឹករវាងអ្នកជួរក្រោយ និងការកៀរគរជំនួយ សម្រាប់​នាំ​យក​ទៅ​ជូន​ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

នេះបើតាមប្រសាសន៍ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ  ក្រោយកោះប្រជុំផ្លូវការមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង​តំណាង​ក្រុម​បាល់​ទាត់​ជា​ច្រើន​នៅអគារ The Kampus កាលពីល្ងាចថ្ងៃទី៦ ខែសីហា ដើម្បីផ្ដល់ព័ត៌មានសំខាន់ៗ អំពី​ដំណើរ​ការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ បន្ទាប់ពីទទួលបានអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។

សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំង ២ របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងត្រូវជួបក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ មុនបន្ដជួបក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ដែលជាព្រឹត្តិការណ៍ដ៏ធំ ក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់នាំយកទៅជួយដល់អ្នកភូមិរង់ចាំ។ ឯកឧត្តមរំពឹងកម្មវិធីនេះ នឹងទទួលបានការគាំទ្រផុសផុសពីប្រជាពលរដ្ឋ ដែលនៅតែនឹករលឹក និងចងចាំមិនភ្លេច ចំពោះសមរភូមិមុខ ក៏ដូចជាពលរដ្ឋនៅភូមិរង់ចាំផងដែរ។

សូមបញ្ជាក់ថា ១ថ្ងៃក្រោយការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ទល់ក្រុមរួបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ។

បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក៏គ្រោងនឹងបំផុសនូវយុទ្ធនាការ Homestay ដែលជាការរស់នៅផ្ទាល់ជាមួយពលរដ្ឋនៅភូមិរង់ចាំ ដើម្បីបានមើលឃើញពីទិដ្ឋភាពរស់នៅជាក់ស្ដែង ព្រមទាំងកម្មវិធីអមផ្សេងៗទៀត ក៏ដូចជាការពិនិត្យសុខភាព ការប្រគំតន្ដ្រីជូនអ្នកភូមិកម្សាន្ដ និងកកម្មវិធីកីឡាមួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia