ព័ត៌មាន
ថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារកម្ពុជាចេញទៅចរចាជាមួយអាមេរិកពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងបញ្ហាពន្ធទំនិញ
ភ្នំពេញ៖ នៅម៉ោងប្រមាណ ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំលើកទី១នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញពីសុឆន្ទៈសុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
ជំនួបលើកទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការអញ្ជើញចូលរួមពីលោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំលើកទី២នេះបានផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចរចាដោយផ្ទាល់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមានលោកឧបនាយករដ្ឋមន្ត្រីជាប្រធាន អនុលោមតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគី លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានភាពស៊ីជម្រៅប្រកបដោយសមធម៌ និងតុល្យភាពសំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង ប្រកាសក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ញើលិខិតផ្លូវការទៅកាន់ លោកប្រធានាធិបតីអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការនាំចូលផលិតផលរបស់អាមេរិក ជាមួយការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយ មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥ភាគរយ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក។
នៅថ្ងៃដដែលនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតផ្លូវការទៅកាន់លោកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តនេះម្ដងទៀតផងដែរក្នុងនាមស្ថាប័នជំនាញ។
បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី មានភារកិច្ចក្នុងការសម្របសម្រួលចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍ នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។
ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវបានរៀបចំឡើងក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើង៕

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
-
ព័ត៌មាន4 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )