ព័ត៌មាន
អង្គការសំអាតទន្លេសមុទ្រពង្រីកបេសកកម្មសំអាតទន្លេទៅកាន់ខេត្តពោធិ៍សាត់
អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និងក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការ ពង្រីកបេសកកម្មសំអាតទន្លេក្នុងរយៈពេល ៥ ឆ្នាំទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយបញ្ហាបំពុលប្លាស្ទិក និង ការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨។

បើតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បេសកកម្មនេះ ស្របតាមយុទ្ធសាស្ត្រចត្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាព ហើយរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។
ឯកឧត្តម អេង សូភាណា អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងរំលឹកដោយបានដកស្រង់ប្រសាសន៍ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថា “បើមានសំរាមគឺ អត់អភិបាលស្រុក បើមានអភិបាលស្រុកគឺ អត់សំរាម” មានសំរាមគឺអត់មេឃុំ មានមេឃុំគឺអត់សំរាម”។
លោក Ronnie Koo នាយកប្រតិបត្តិនៃក្រុមហ៊ុន Leader Energy បានមានប្រសាសន៍ដែរថា កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ Leader Energy ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព លើសពីអាជីវកម្មស្នូលរបស់យើង។
លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការ River Ocean Cleanup មានប្រសាសន៍ថា យើងអាចសំអាតសំណល់ប្លាស្ទិកទាំងអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ។ ប៉ុន្តែដើម្បីរក្សាទឹកទន្លេឱ្យមានអនាម័យល្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ ការអប់រំ និងការពង្រឹងអនុវត្តន៍ច្បាប់ គឺជាអាទិភាពសំខាន់។ លោកបានបន្តថា ទន្លេគឺជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង ដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ កសិកម្ម និងជីវិតមនុស្ស។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោនត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០ តោន ដែលប្រមូលបានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លទ្ធផលនេះសម្រេចទៅបានដោយសារប្រើប្រាស់ទូកកំចាត់សំរាម ការលះបង់ខ្ពស់របស់ភ្នាក់ងារកំចាត់សំរាមក្នុងមូលដ្ឋានជាប់ទន្លេ និងការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការចូលរួមពីសហគមន៍ផ្ទាល់។ សមិទ្ធិផលនេះបានបន្ថែម លើបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ ROC បានប្រមូលចេញពីទន្លេរហូតមកដល់ពេលបច្ចុប្បន្ន៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន