ព័ត៌មាន
សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលេីកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នាឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូន សម្ដេចបវរធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបាមចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០ កន្លែង និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, លោកប្រធានសមាគមបានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុងការងារសង្គមជាច្រេីនដូចជា ការផ្តល់ឧបករណ៍ទឹកស្អាត, ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ និង ការជួយដល់សហគមន៍ ជាដើម។ ក្រៅពីនេះ, លោកប្រធានសមាគមបានគូសបញ្ជាក់ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋ។
បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសមាគម ATIC, សម្ដេចបវរធិបតីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ ជាមួយគ្នានោះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងពិនិត្យយន្តការនានា ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។
មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលេីការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង