ព័ត៌មាន
ប្រធានាធិបតីទីម័រឡេស្តេផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន សម្តែងការដឹងគុណចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម័រឡេស្តេ
ភ្នំពេញ៖ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានអញ្ជើញធ្វើទស្សនកិច្ច មកកាន់ទីម័រឡេស្តេ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។ ប្រធានាធិបតីទីម័រឡេស្តេ បានបញ្ជាក់ក្នុងលិខិតថា ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ សម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចមកកាន់ទីម័រឡេស្តេ។ ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា។
លិខិតរបស់ប្រធានាធិបតីទីម័រឡេស្តេមានខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអនុញ្ញាតឱ្យ ខ្ញុំសម្តែងនូវការដឹងគុណ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការចូលរួមដ៏ថ្លៃថ្លារបស់សម្តេចតេជោ នៅក្នុងកម្មវិធីផ្លូវការនានា អំឡុងពេលទស្សនកិច្ច រួមទាំងជំនួបទ្វេភាគីកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតីនីកូឡៅឡូបាតូ (Nicolau Lobato), សម័យប្រជុំពិសេសដ៏ឧឡារិករៀបចំដោយសភាជាតិទីម័រឡេស្តេ, ជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី សាណាណា ហ្គូសម៉ៅ និងពិធីលៀងសាយភោជន៍ផ្លូវការ ដែលសុទ្ធតែជាខណៈពេលដ៏មានសារៈសំខាន់បំផុត សម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
ជំនួបទ្វេភាគីរបស់យើង បានផ្តល់ឱកាសឱ្យយើងរិះរកមធ្យោបាយ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យកសិកម្ម សន្តិសុខស្បៀង ការអប់រំ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ខ្ញុំសូមសម្តែងការដឹងគុណជាពិសេស ចំពោះការគាំទ្រយ៉ាងមោះមុតរបស់ សម្តេចតេជោ ចំពោះការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្តេ ក៏ដូចជាការចែករំលែកនូវចំណេះស៊ីជម្រៅ បែបយុទ្ធសាស្ត្រដ៏មានតម្លៃទាក់ទងនឹងមាគ៌ា របស់យើងខ្ញុំឆ្ពោះទៅរកសមាហរណកម្មតំបន់។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះសម្តេចតេជោ ដែលបានទទួលយកការអញ្ជើញចូលរួមផ្តល់ បាឋកថាក្នុង កម្មវិធីសិក្ខាសាលារបស់ប្រធានាធិបតី ក្រោមមូលបទ៖ «មេរៀនរបស់ ហ៊ុន សែន -ចេញពីប្រល័យ ពូជសាសន៍ និងភាពក្រីក្រ មកកាន់សេរីភាព និងវិបុលភាព» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៥។ សក្ខីកម្មគួរចាប់អារម្មណ៍ខ្លាំងនៃភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នឹងនៅតែជាប្រភពនៃការលើកទឹកចិត្ត ដល់ប្រជាជនទីម័រឡេស្តេ។
ចំណាប់អារម្មណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ចំពោះវឌ្ឍនភាពរបស់រដ្ឋធានីឌីលី ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់ សម្តេចតេជោ នៅក្នុងឆ្នាំ២០១៦ គឺជាការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ហើយពង្រឹងបន្ថែមទៀត នូវការតាំងចិត្តរបស់យើងខ្ញុំ ដើម្បីឈានទៅមុខតាមមាគ៌ាទំនើបកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
យើងខ្ញុំមានសេចក្តីរំភើបក្រៃលែងផងដែរ ចំពោះការបង្ហាញអំពីសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ចំពោះពិធីទទួលស្វាគមន៍ដ៏អធិកអធម របស់ប្រជាជនទីម័រឡេស្តេ ក៏ដូចជាកាយវិការជាច្រើន ដែលបញ្ជាក់ពីមិត្តភាពពិតៗ ដែលស្តែងចេញក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ដែលក្នុងនោះ ខ្ញុំមានកិត្តិយសដែលបាន បើករថយន្តដោយផ្ទាល់ជូន សម្តេច តាមដងវិថីនានានៃរដ្ឋធានីរបស់យើងខ្ញុំ ដែលជាការសម្តែងចេញជានិមិត្តរូបនៃសេចក្តីគោរព និងភាពស្និទ្ធស្នាល។
ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតរបស់ខ្ញុំ ចំពោះសម្តេច»៕




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប