Connect with us

ព័ត៌មាន

សហជីពនៅកម្ពុជា ចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃ​ម​កលើ​អធិបតេយ្យ​ភាព​នៃ​ព្រះរាជា​ណាចក្រកម្ពុជា

សហជីពនៅកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោស​​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លាន​ពាន​មក​លើ​អធិបតេយ្យ​ភាព​នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារ​មក​លើប្រ​ជាជន​ស៊ីវិល​ស្លូត​ត្រង់​នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ខែធ្នូ ឆ្នាំ២០២៥។

តាមរយៈញត្តិថ្កោលទោស សហជីពនៅកម្ពុជាបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយ​បាន​ប្រើ​ប្រាស់​អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បា​ន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

ប្រភពដដែលបន្តថា ភាគីថៃម្តង ហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និង​សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ជាមួយគ្នានេះ សហជីពនៅកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

បន្ថែមពីនេះ សហជីពនៅកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia