Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងទាំងផ្លូវអាកាស និងផ្លូវគោកចូលលំនៅដ្ឋានជនស៊ីវិល ដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបន្តបាញ់ប្រហារយ៉ាងកំរោល និងព្រៃផ្សៃបំផុតទាំងផ្លូវអាកាស និងផ្លូវគោកស្រោចមកលើលំនៅដ្ឋានរបស់ប្រជាជនស៊ីវិលជាច្រើនកន្លែងនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយទង្វើនៃការបាញ់ប្រហារនេះ បានរំលោភបំពាន និងច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល២០ថ្ងៃហើយដែលទាហាន ឈ្លានពានរបស់ភាគីថៃ បានបន្តបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ខណៈថ្ងៃនេះ បានបន្តបាញ់ផ្លោងពីចម្ងាយចូលផ្ទះពលរដ្ឋនៅភូមិព្រៃចាន់ ​និងភូមិជោគជ័យ ស្រុកអូរជ្រៅ បាញ់ចូលទី តាំងជនស៊ីវិលនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យជាច្រើនគ្រាប់ និងគោលដៅជាច្រើនកន្លែងទៀតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា​ និងថៃ​ ដោយកន្លែងខ្លះនៅបន្តបាញ់ ផ្លោងយ៉ាងក្តៅគគុកនៅឡើយ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានលើកឡើងថា បើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា មិនរាថយនោះឡើយដោយបានកំពុងតស៊ូយ៉ាងស្វិតស្វាញ ដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

ប៉ុន្តែលោកជំទាវម៉ាលី សុជាតា បានបន្តអះអាងជាថ្មីថា ការបាញ់តបតរបស់វីរកងទ័ពកម្ពុជា គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជា ដែលរហូតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់និងរបួសរាប់រយនាក់ និងជិតមួយលាននាក់ផ្សេងទៀតកំពុងរត់ភៀសសឹក នៅក្នុងនោះក៏មានកុមារកម្ពុជារាប់សែននាក់ផងដែរកំពុងរត់ចោលសាលាមិនបានរៀន ដោយសារការភ័យខ្លាចការបាញ់ផ្លោងរបស់ទាហានឈ្លានពានថៃយ៉ាងកំរោល និងឃោរឃៅបំផុតនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia