ព័ត៌មាន
រដ្ឋាភិបាលចិន ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់កម្ពុជា ដើម្បីជួយដល់ប្រជាជនភៀសសឹកនៅព្រំដែន
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៌ បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនភៀសសឹក នៅតំបន់ព្រំដែន ដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។
ពិធីផ្តល់ជំនួយមនុស្សធម៌បន្ទាន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលជំនួយ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានមានប្រសាសន៍ថា ដើម្បីជួយជនភៀសសឹករាប់សែននាក់ដែលបានចាកឆ្ងាយពីលំនៅឋាន តាមបន្ទាត់ព្រំដែនដោយសារជម្លោះកម្ពុជា-ថៃ និងកំពុងជួបទុក្ខលំបាក ដូច្នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បឋម មានជា តង់ ភួយ អាហារ និងសម្ភារៈចាំបាច់នានាជាច្រើនទៀត។
ឯកឧត្តមបន្តថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ ថ្ងៃនេះ សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារ។ ជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់នូវអាយុជីវិតមនុស្សជាច្រើន ក្នុងជម្លោះព្រំដែន នៃប្រទេសទាំងពីរ។ ហើយចិនក៏នៅតែមានឆន្ទៈខ្ពស់ក្នុងការជួយសម្របសម្រួល និងព្យាយាមជួយដោះស្រាយបញ្ហាជម្លោះរវាងប្រទេសទាំងពីរឲ្យឆាប់វិលទៅរកប្រក្រតីភាពឡើងវិញប្រកបដោយយុទ្ធសាស្ត្រឈ្នះៗ និងដើម្បីស្តារសន្តិភាពរវាងភាគីទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់នៅពេលនេះ និងបានចាត់ទុកការផ្តល់ជំនួយនៅពេលនេះបានបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះសុខទុក្ខរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ឯកឧត្តមបន្តថា កាយវិការប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាពជាប្រពៃណីដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។
ឆ្លៀតក្នុងឱកាសដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្ថែមចំពោះមិត្តចិន ដែលបាននិងកំពុងខិតខំដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយការស្ថាបនា ដើម្បីឲ្យមានបទឈប់បាញ់ និងឈានទៅរកការបញ្ចប់ជម្លោះ ស្ដារសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ ដែលអាចអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកបានឆាប់វិលត្រលប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញដោយសុវត្ថិភាព នៅពេលខាងមុខ៕
អត្ថបទ ៖ លីហេង



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន