ព័ត៌មាន
មន្រ្ដីជំនាញ៖ ការនាំចូលទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារការពហិការរបស់ពលរដ្ឋ
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា គិតមកដល់ពេលនេះ ការនាំចូលមុខទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារចលនានៃការពហិការរបស់ប្រជាពលរដ្ឋ និងខណៈសន្ទុះនៃការផលិតផលិតកម្មក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារមានការកើនឡើង។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ទំនិញគ្រឿងឧបភោគ បរិភោគ ដែលនាំចូលពីថៃ នឹងបន្ដធ្លាក់ចុះទៀត។ ជាកាពិត អាជីវករ ពាណិជ្ជករ បានរកប្រភពផ្គត់ផ្គង់ពីកន្លែងផ្សេងដើម្បីជំនួសផលិតផលថៃ។
ឯកឧត្តមបណ្ឌិត ជឿជាក់ថា សន្ទុះនៃចលនាផលិតផលិតកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ គឺមានការកើនឡើងច្រើនឡើងៗ ហើយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្តថា ទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់នៅក្នុងទីផ្សារ នឹងមានការធ្លាក់ចុះកាន់តែតិចទៅៗ ដែលអាចដល់ដំណាក់កាលមួយ ធ្លាក់ដល់ចំណុចសូន្យ ដូចទៅនឹងមុខទំនិញ ដែលរាជរដ្ឋាភិបាលហាមឃាត់ផងដែរ មានដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។
សូមជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់តំណាងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើប្រធានបទចំនួន៤ គឺ “សកម្មភាពគន្លឹះផែនការសកម្មភាពឆ្នាំ២០២៦ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”, “ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ”, “គោលនយោបាយពន្ធនិងអាករ និងកិច្ចសម្រួលពាណិជ្ជកម្ម”, និង “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចប្រតិបត្តិការគយ” ។ វេទិកានេះ មានការចូលរួមពីតំណាងសមាគមធុរជន, អ្នកនាំចេញ-នាំចូល, ជើងសាគយ, អ្នកជំនាញការ, មន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។
គួរបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំហើយក្នុងផែនការសកម្មភាពឆ្មាំ២០២៦នេះ មានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ ១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, ២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង ៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ។ ក្នុងនោះ ការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកនិងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន