Connect with us

ព័ត៌មាន

ក្រសួងអភិវឌ្ឍជនបទ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ជូន​មន្ត្រីរាជ​ការ​ខេត្តពោធិ៍សាត់

‎ពោធិ៍សាត់៖ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការ​អភិវឌ្ឍ​ជនបទ​ឆ្នាំ​២០២៥-២០៣៥ ដល់មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ទូទាំង​ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និង​បាន​លើក​ឡើង​ថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ តែង​តែបា​នផ្ដល់នូវការគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរ​អភិវឌ្ឍជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ដែល​ធ្វើឲ្យខេត្តពោធិ៍សាត់ មានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ លោកក៏សូមថ្លែងអំណរគុណ ដល់​ឯកឧត្តម​ ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលបានជំរុញ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះ​វិ​ស័យអភិវឌ្ឍជនបទក្នុងខេត្តពោធិ៍សាត់ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពាន​បេតុង ​និងទឹកស្អាតជាដើម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥កន្លងមក ខេត្តពោធិ៍សាត់​បាន​ប្រកាស​ទទួលស្គាល់ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

‎ឯកឧត្តមបណ្ឌិត លី ណារុន មានប្រសាសន៍ថា ការរៀបចំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ២០២៥-២០៣៥ នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានភាពស៊ីវិល័យ និងបរិយាបន្ន។ ឯកឧត្តមបណ្ឌិតក៏បានឱ្យរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ជំរុញការស្ថាបនាផ្លូវជនបទ ឱ្យទៅជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចមូលដ្ឋាន និងបន្តខិតខំសម្រេចឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ព្រមទាំងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនជនបទ ដើម្បីបង្កើតឱកាសការងារក្នុងសហគមន៍ និងការរៀបចំភូមិឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងការគ្រប់គ្រងកាកសំណល់សំរាមឲ្យបានត្រឹមត្រូវ។ ‎ឯកឧត្តមបណ្ឌិតបន្តទៀតថា ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣៥ មិនមែនជាភារកិច្ចដាច់ដោយឡែក របស់ក្រសួងអភិវឌ្ឍន៍ជនបទនោះទេ ប៉ុន្តែវាទាមទារនូវអភិក្រមជារួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះ ឯកឧត្តមបានលើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែមដល់អាជ្ញាធរភូមិ-ឃុំ ត្រូវតែក្តាប់ឱ្យជាប់នូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវចេះរៀបចំផែនការអភិវឌ្ឍន៍ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសហគមន៍ខ្លួនឯង ជាពិសេសលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ឱ្យមាននិរន្តរភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមិនមែនមានតែផ្លូវ ស្ពាន និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋ ឱ្យមកចូលរួមថែរក្សាបរិស្ថាន ឈប់បន្ទោបង់ពាសវាលពាសកាល និងចេះច្នៃប្រឌិតរបររកស៊ីបន្ថែម ដើម្បីបង្កើនចំណូលគ្រួសារ។ ‎ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជ្រាបគោលនយោបាយនេះ ទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តទទួលបានផ្លែផ្កាពិតប្រាកដ។ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងក្លាយជាខេត្តគំរូមួយ ក្នុងការអនុវត្តគោលនយោបាយជាតិថ្មីនេះ ឱ្យទទួលបានជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia