ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់អាជ្ញាធរមីន៖ ការស្នេហាជាតិមិនមែនជាការបង្កជម្លោះនោះទេ ប៉ុន្តែជាការគោរពស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជនដោយតម្កល់ផលប្រយោជន៍ជាតិជាធំ
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ន បូរណភាពទឹកដី សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា កំពុងប្រឈមនឹងការរំលោភបំពានពីប្រទេសថៃ ក្នុងនោះបញ្ហាមីន ក៏ត្រូវបានយកមកធ្វើជាឧបករណ៍នយោបាយដើម្បីបង្កជម្លោះ និងបង្កភាពតានតឹងជាមួយប្រទេសកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងស្ថានការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ យើងត្រូវបន្តរួបរួមគ្នា បង្ហាញភាពខ្លាំង រក្សាសេចក្តីថ្លៃថ្នូរ និងដោះស្រាយបញ្ហាទាំងឡាយដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយការស្នេហាជាតិ មិនមែនជាការបង្កជម្លោះ ឬការជំរុញអារម្មណ៍ឱ្យក្តៅគគុកនោះទេ ប៉ុន្តែជាការគោរព ស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការឆ្លើយតបនិងវាយបកទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ។ កិច្ចការនេះ បានធ្វើឱ្យវិស័យសកម្មភាពមីន ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តលើកកម្ពស់វិស័យសកម្មភាពមីនឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកឧត្តមភាពខ្ពស់។ ឯកឧត្តមបានណែនាំឱ្យពង្រឹងតួនាទីនិងភារកិច្ចភាពជាអ្នកដឹកនាំ បង្កើនសមត្ថភាព គោរពវិន័យការងារ និងបង្កើនភាពឆ្នៃប្រឌិតក្នុងការបំពេញបេសកកម្ម។ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើម មានស្មារតីទទួលខុសត្រូវ និងភាពសកម្មក្នុងការរៀបចំ និងអនុវត្តគម្រោងប្រចាំថ្ងៃ ដោយផ្អែកលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការងារសកម្មភាពមីន មិនមែនត្រឹមតែជាកិច្ចការអនុវត្តន៍គម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាការងារមានតម្លៃមនុស្សធម៌ខ្ពស់ សង្រ្គោះអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅ និងស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូ និងសិទ្ធិសេរីភាពររបស់ប្រជាពលរដ្ឋកម្ពុជា៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន