ព័ត៌មាន
ការតភ្ជាប់ចរន្តអគ្គិសនីទៅតាមលំនៅឋានប្រជាពលរដ្ឋសម្រេចបាន ៩៥,៨៨% នៅទូទាំងប្រទេស
គិតត្រឹមចុងឆ្នាំ២០២៥កន្លងទៅនេះ ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ សម្រេចបាន ៩៥,៨៨% ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងនៅចុងឆ្នាំ ២០២៣ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋមានចំនួនជាង ៣លាន ៤សែន ស្មើ៩៤,០២%។ មកដល់ចុងឆ្នាំ២០២៤ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៥សែន លំនៅឋាន ស្មើ ៩៥, ២៤%។ សម្រាប់ចុងឆ្នាំ ២០២៥ ដែលទើបកន្លងផុតទៅនេះវិញ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៧សែនលំនៅឋាន ស្មើ ៩៥,៨៨% គឺកើនជាង ១សែនខ្នងផ្ទះ ស្មើ ០,៦៤%។

ទន្ទឹមនឹងមានកំណើននៃការតភ្ជាប់ចរន្តអគ្គិសនីជូនលំនៅឋានប្រជាពលរដ្ឋនេះ ថាមពលអគ្គិសនីក៏សម្រាប់ការផ្គត់ផ្គង់ក៏មានការកើនឡើងដែរ។ ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា បានលើកឡើងដែរថា អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍ មានការកើនឡើងពី ៤ ៦៤៩ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥ ១៨៣ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៤ និងដល់ ៥ ៩៣២ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ល្បាយនៃថាមពលកកើតឡើងវិញ បានកើនឡើងពី ២ ២៧៧ មេហ្កាវ៉ាត់ ស្មើជាង ៥៧% នៅចុងឆ្នាំ២០២៣ ដល់ ២ ៨១១ មេហ្កាវ៉ាត់ ស្មើជាង ៦២% នៅចុងឆ្នាំ២០២៤ និងឡើងដល់ ៣ ៣២៥ មេហ្កាវ៉ាត់ ស្មើជាង ៦៣% នៅចុងឆ្នាំ២០២៥។
ក្នុងសន្និបាតដដែលនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងពីវឌ្ឍនភាពនៃការទទួលបានគម្រោងវិនិយោគថាមពលអគ្គិសនីនៅកម្ពុជា ដោយឯកឧត្តមលើកឡើងថា នៅឆ្នាំមុនកម្ពុជាទទួលបានការអនុវត្តគម្រោងវិនិយោគរហូតដល់ ២៤គម្រោង ដែលរាប់បញ្ចូលទាំងវារីអគ្គិសនី ថាមពលដើរពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយជីវម៉ាស។ លើសពីនេះក្រសួងកំពុងសិក្សាលើគម្រោងជាច្រើនបន្ថែមទៀត សម្រាប់អនាគតនៃវិស័យថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។
ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈឯកឧត្តមបានអះអាងថា កម្ពុជាមានឯករាជ្យ និងសន្តិសុខលើវិស័យថាមពល។ បច្ចុប្បន្នកម្ពុជា ក៏បានក្លាយជាប្រទេសទី២ ដែលមានអាត្រាថាមពលស្អាតខ្ពស់ជាងគេ ដែលនេះជាការបោះជំហានដ៏ប្រសើរក្នុងឆ្ពោះទៅសម្រេចគោលដៅ ថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ ២០៣០៕ អត្ថបទ៖ គឹមហុក



-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ