Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់ និងត្រៀមខ្លួនផ្តល់ការគាំទ្រផ្នែកច្បាប់ លើ​ករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ

អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួង​ព័ត៌មាន​បាន​តាម​ដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ ហើយ​បាន​សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណី ដែល​បាន​កើតឡើងនេះពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ គេចាំបាច់ត្រូវពិនិត្យ ស្វែង​យល់​បន្ថែម​អំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីមួយនេះផងដែរ។

សូមបញ្ជាក់ថា លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបាន​អាជ្ញាធរ​ខេត្ត​បន្ទា​យ​មានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និង​បទ​ស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមាន​ប្រសាសន៍​ថា​ក្រសួង​ព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យ​សំណើ​មក​ក្រសួង​ដើម្បី​ក្រសួង​ចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការ​គាំទ្រ​ក្នុង​ដំណើរ​ការ​នីតិ​វិធី​តុលាការ។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ការពិនិត្យសំណើ ក្រសួងនឹង​ពិនិត្យ​មើល​លើ​លក្ខ​ខណ្ឌ ​ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយ​ក្រម​សីលធម៌ ​ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ថា ទាក់ទងនឹងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាន និងកំពុងបន្តធ្វើយ៉ាងសកម្ម សស្រាក់សស្រាំ ដែលកិច្ច​ខិត​ខំទាំ​ង​នេះ​បាន​ការ​ទទួល​ស្គាល់​ពី​បណ្តាប្រទេស និងដៃគូអន្តរជាតិ, ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មាន​ដោយមាន​មូល​ដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីករណីសហការរវាងសារព័ត៌មាននិងសមត្ថកិច្ច ថានាពេលកន្លងទៅ បន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច។

សម្រាប់ករណីនៅបន្ទាយមានជ័យ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវថា៖ «ខ្ញុំសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថាអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការប្រតិបត្តិក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួនផងដែរ ដោយបានមានប្រសាសន៍ថា៖ «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន ក្រៅពីការផ្សាយ សូមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បីអាចរួមចំណែកជាបច្ច័យដល់ការត្រៀមលក្ខណៈ និងរៀបចំឱ្យស្របតាមបទដ្ឋានការងារ និងការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញ ឧទាហរណ៍ ទាក់ទងនឹងការចុះបង្រ្កាបជាដើម ដើម្បីអាចជួយឱ្យការចុះបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល»។

កម្ពុជាជាប្រទេសរងគ្រោះ ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាមានលក្ខណៈអន្តរជាតិ ហើយជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានទម្រង់ដ៏ស្មុគ្រស្មាញបំផុត។ ការធ្វើតុល្យភាពរវាងវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវរាយការណ៍ការពិត ស្របតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ និងតម្រូវការនៃការធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការច្បាប់របស់សមត្ថកិច្ចជំនាញ គឺជាសិល្បៈនៃការធ្វើការងាររួមគ្នា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia