Connect with us

ព័ត៌មាន

កម្ពុជាក្លាយជាសមាជិកផ្លូវការ នៃអង្គការអន្តរជាតិ IOPS នៅទីក្រុងប៉ារីស

ភ្នំពេញ៖ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ស្ថាប័ន​អន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាល​បច្ចេក​ទេស​របស់បេ​ឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status​) ​នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារំាង។

យោង​តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅលើផេកផ្លូវការថា ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និង​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ដោយមានការ​ចូល​រួម​ពី​តំណាង​ស្ថាប័ន​ជាសមាជិកមកពី ៧០ប្រទេស ជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ ៣០០​នាក់​។ ​សម្រាប់ប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ គួច សុមាន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អញ្ជើញចូ​លរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធន​និវត្តន៍​ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សមិទ្ធផល នៃសមាជិកភាពនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈ​ការ​សិក្សា​ឈ្វេង​យល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ចលើការគ្រប់គ្រង និង​ការ​បែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និង​ជា​ពិសេស​គឺ​ការ​អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃ​ការ​វិវត្ត​សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា នៅក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅលើការរៀបចំគោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការ​ចែក​រំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​នានាមុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ។

កិច្ចប្រជុំក៏​បានពិនិត្យលើផែនការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតរវាងសមាជិករបស់អង្គការ IOPS ​និង OECD ដើម្បីបន្ត​ជំរុ​ញ​វិស័យ​សន្តិសុខ​សង្គម​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ផង​ដែរ​៕​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia