ព័ត៌មាន
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ ជាពិសេសចំណុចទី៣នៃប្រកាសរួមនេះ។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារមួយតាមហ្វេសប៊ុកដោយរម្លឹកថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។

សម្ដេចធិបតីក៏បានបញ្ជាក់បន្ថែមថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ដែលចែងថា៖ “ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ”។
សម្តេចធិបតីបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងឱ្យបានឆាប់រហ័សតាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម(ចំណុចទី៣)នេះ ប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅរកការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធីដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អាចរស់នៅដោយសេចក្តីសុខ។
ឯកឧត្ត ប៉ែន បូណា បានរម្លឹកទៀតថា នៅមុនបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀតដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈនិងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាចនិងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាដែរ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏បានប្រកាសបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃជាបន្តបន្ទាប់ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣