ព័ត៌មាន
កម្មករ-កម្មការិនី បានវិលត្រឡប់ចូលបំពេញការងារឡើងវិញដោយក្ដីរីករាយក្រោយចប់ពិធីចូលឆ្នាំថ្មី
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសានេះ មើលឃើញថា កម្មករ កម្មការនី បាននាំគ្នាចូលបំពេញការងាររៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ខែមេសានេះ មានកម្មករនិយោជិត ១០០% បានមកបំពេញការងារឡើងវិញក្រោយឈប់សម្រាកពិធីបុណ្យចូលឆ្នាំដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ ខណៈមានកម្មករកម្មការិនីមួយចំនួនតូចបានស្នើសុំច្បាប់ឈប់សម្រាកបន្ថែមដោយសារមានធុរៈបន្ទាន់។

លោកបានបន្តថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោងចក្រខ្លះអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈ ៧ថ្ងៃ និងមួយចំនួនផ្សេងទៀតអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលរហូតចំនួន ៩ថ្ងៃ ដើម្បីឱ្យកម្មករបានជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។ លោកបានឱ្យដឹងទៀតថា នៅឆ្នាំនេះ ក្រៅពីជួបជុំក្រុមគ្រួសារ កម្មករនិយោជិតបានជួបជុំមិត្តភ័ក្តិ និងបងប្អូនដើម្បីលេងល្បែងប្រជាប្រិយ និងចូលរួមដើរលេងកម្សាន្តនៅតាមទីវត្តអារាមនានា ដែលរូបភាពទាំងអស់នេះគឺកម្មករនិយោជិតបានបង្ហាញក្នុងគ្រុបឆាតក្រុមការងារជារួម ដែលទាំងអស់នេះបានបង្ហាញឱ្យដឹងថា ពិតមានភាពសប្បាយរីករាយជាខ្លាំងក្នុងឱកាសថ្ងៃឈប់សម្រាកដ៏មានអត្ថន័យនេះ។

កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់បានលើកឡើងថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ កម្មករ កម្មការនី បានបន្តទៀតថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិស មគ្គផល និងគុណូប្បការៈគុណទៅដល់អ្នកមានគុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។ យ៉ាងណាក៏ដោយ កម្មករ កម្មការិនីទាំងអស់ ក៏មិនបានភ្លេចនូវការអរគុណ និងដឹងគុណដល់វីរៈកងទ័ពដែលកំពុងប្រឈមបញ្ហាការឈ្លានពានទឹកដីរបស់ក្រុមយោធាថៃ និងបានជូនពរបន្ថែមទៀតជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងវីរៈកងទ័ព ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ទទួលបានសុខភាពល្អ និងទទួលជោគជ័យលើគ្រប់ភារកិច្ចក្នុងការបំពេញការងារទាំងទីជិត និងទីឆ្ងាយ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតដើរលេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត