ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារឯករាជជាតិ អធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងបន្តប្រពៃណីសាមគ្គី ឯកភាពជាធ្លុងមួយ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ការក្រើនរំលឹកជាថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ នេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧ របស់សាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា នាយទាហាន ពលទាហាន នៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ច ស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នៃ ខ.ភ.ម ដែលបានដើរតួនាទីយ៉ាងសំខាន់លើការងារបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងខាងចំណេះដឹងទូទៅ ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ជំរុញដល់ការឈានចូលនិងទទួលយកបដិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យសាស្ត្រសម័យទំនើប នវានុវត្តន៍យោធានៅក្នុងតំបន់ និងសកលលោក ដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលជាច្រើនជាពិសេសការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមអរគុណ ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ និងឯកជន បណ្តាសេនានុព័ន្ធ អនុព័ន្ធយោធានានា ដែលបានបរិច្ចាគនូវ ធនធាន និងសម្ភារៈជួយដល់សាកលវិទ្យាល័យការពារជាតិរបស់យើង។ ទាំងនេះគឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិរបស់យើង និងកិច្ចសហប្រតិបត្តការជាលក្ខណៈអន្តរជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព។
ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដែលបានបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ នាយទាហាន ក្នុងវិស័យការពារជាតិ ដោយផ្តោតជាសំខាន់ លើជំនាញឯកទេស វិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត ភាសាជាតិ និងអន្តរជាតិ។ ព្រោះថាវិស័យយោធាបច្ចុប្បន្ន ទាំងក្នុងតំបន់ និងសកលលោក មានការវិវត្តស្មុគស្មាញឥតឈប់ឈរ ដែលអាចជះឥទ្ធិពលដល់វិស័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្រែប្រួលទាំងនេះបានតម្រូវ ឱ្យមានការគិតគូរម៉ត់ចត់អំពីចក្ខុវិស័យយុទ្ធសាស្រ្តការពារជាតិ៕














អត្ថបទ ៖ បាន ចក់
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត