ព័ត៌មាន
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរ បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល។ នេះបើតាមការបញ្ជាក់ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អ្នកនាំពាក្យរូបនេះបានអះអាងថា «ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗរបស់មន្រ្ដីក្រសួង តាំងពីព្រឹកមក កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយ ហើយបងប្អូនកម្មករនិយោជិតបានរំសាយមកផ្ទះវិញរៀងខ្លួន ក្រោមការជឿជាក់ក្នុងការដោះស្រាយរបស់មន្ដ្រីជូនពួកគាត់»។
តាមរយៈកិច្ចចរចានេះ ភាគីក្រុមហ៊ុនបានព្រមព្រៀងទូទាត់ជូនកម្មករនូវ៖ប្រាក់ឈ្នួលលើកទី១៖ បើកជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ប្រាក់ឈ្នួលលើកទី២ និងអត្ថប្រយោជន៍ផ្សេងៗ៖ រួមមានប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ក្រោយរំលាយកិច្ចសន្យា នឹងត្រូវទូទាត់ក្នុងរយៈពេល ៣ខែបន្ទាប់។
អ្នកនាំពាក្យបានសង្កត់ធ្ងន់បន្ថែមថា អត្ថប្រយោជន៍របស់កម្មករនិយោជិតមិនត្រូវបានផាត់ចោលឡើយ ដោយក្រសួងបានដាក់លើតុជជែកជាអាទិភាពបំផុត។ បន្ទាប់ពីទទួលបានការពន្យល់ និងដំណោះស្រាយនេះ កម្មករនិយោជិតបានយល់ព្រម និងចាប់ផ្ដើមរំសាយការជួបជុំត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន នៅវេលាម៉ោងប្រមាណ ១១:០០ ព្រឹក។
ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនកម្មករដែលមានបំណងចង់រកការងារទាក់ទងប្រព័ន្ធ Hotline 1297 និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ៕





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល