Connect with us

ព័ត៌មាន

ក្រសួងសាធារណការបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី “បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings” ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាច្រើនរូប។

វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ដឹងបន្ថែមអំពីកម្មវិធីវាយតម្លៃផ្លូវថ្នល់អន្តរជាតិ iRAP Star Rating ដែលជាវិធីសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ជាសកល និងឱ្យអង្គភាពជំនាញ អាចធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយផ្ដល់ជាកម្រិត «ផ្កាយ» (Star Ratings) ពី ១ ដល់ ៥ ផ្កាយ ដោយយោងតាមស្ថានភាព និងលក្ខខណ្ឌផ្លូវថ្នល់នីមួយៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់បានអនុម័តគោលដៅអនុវត្តសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលមាន១២គោលដៅ (12 Global Road Safety Performance Targets) ក្នុងនោះ គោលដៅទី៣ “ត្រឹមឆ្នាំ២០៣០ ផ្លូវសាងសង់ថ្មីទាំងអស់ទទួលបានផ្កាយ ៣ ឬច្រើនជាង” និង គោលដៅទី៤ “ត្រឹមឆ្នាំ២០៣០ ច្រើនជាង ៧៥% នៃការធ្វើដំណើរលើផ្លូវថ្នល់ គឺជាផ្លូវថ្នល់ដែលបានសាងសង់ឡើងដោយទទួលបានផ្កាយ ៣ ឬច្រើនជាង”។ គោលការណ៍នេះ បញ្ជាក់កាន់តែច្បាស់ពីសារៈសំខាន់ នៃការបណ្ដុះបណ្តាលនាពេលនេះ ដែលជួយឱ្យកម្ពុជាអាចចូលរួមសម្រេចគោលដៅរួមរបស់អង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia