ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត
តាមរយៈសារលិខិត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ និងសកលលោកក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។

តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែសម្រាប់ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងថា ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។ លើសពីនេះតាមរយៈការពិភាក្សា និងឯកភាពជាមួយភាគីនិយោជក រាជរដ្ឋាភិបាលក៏បានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិកបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ។
សម្ដេចធិបតីបានបញ្ជាក់ថា ជាលទ្ធផលដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ ដុល្លារអាម៉េរិកក្នុងមួយខែ គិតត្រឹមឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹង និងពង្រីកយន្តការតាមដានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃរបបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។
បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសចំនួន ៦ដំណាក់កាល និងកម្មវិធីមុខរបរនិងការងារ សមរម្យសម្រាប់យុវជនកម្ពុជាចំនួន ៣ដំណាក់កាល គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះកម្ពុជាក៏បានដើរតួជា ប្រទេសត្រួសត្រាយផ្លូវគំរូ ក្នុងគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គំនិតផ្តួចផ្តើមនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ កាលពីចុងឆ្នាំ២០២៤ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦