Connect with us

ព័ត៌មាន

សុខមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ

ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បាន​សហការ​ជា​មួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិនគិតថ្លៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​។

តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បាន​អញ្ជើញ​សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោប្រមុខរដ្ឋស្តីទី ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និង​ឯកឧត្តម​បណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលបានជួយ​សម្រប​សម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃនាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានជម្រាបជូនថា ការចុះពិនិត្យព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការបង្ខិតសេវាសុខាភិបាល បង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និង​មណ្ឌល​សុខភាព ឱ្យកាន់តែកៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់​សុខ​មាលភាព​ជា​កត្តា​ចម្បង​សម្រាប់​ប្រជា​ពលរដ្ឋ ក្នុងការទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺ និងរួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយទាំងថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម បានលើកឡើងថា កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺត្រូវ​បាន​គិតគូរយ៉ាងយកចិត្តទុកដាក់ជាអាទិភាពពីសំណាក់ថ្នាក់ដឹកនាំ ដូចនេះហើយ​ទើប​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុង​ការ​ងារ​លើក​កម្ពស់​សុខភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន LABORATOIRE BIODERMA របស់ប្រទេសបារាំង ចុះមកពិនិត្យ និង​ព្យាបាល​ជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក កុំផ្អែមពេក និងខ្លាញ់ច្រើនពេក និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។

ជាលទ្ធផល នៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ២៧១នាក់ (ស្រ្តី ១៥៩នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ៧នាក់។ ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជាម្រេច និងគ្រាប់ស្វាយចន្ទីជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន ៧០កញ្ចប់ ដូចជាភេជ្ជៈយ៉ិនស៊ីន សម្លៀសបំពាក់ ឡេលាបដៃ ឡេការពារកំដៅថ្ងៃ សាប៊ូលាងដៃ និងក្រេមលាបមាត់ចែកជូនក្រុមអ្នកបកប្រែភាសាបារាំង ក្រុមគ្រូពេទ្យបង្អែកស្រុក និងក្រុមការងាររដ្ឋបាលសាលាស្រុកស្អាង ដោយចំណាយថវិកាសរុបចំនួន ៧,៥៩៤,០០០រៀល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia