Connect with us

ព័ត៌មាន

អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំ​ទឹក​ប្រាក់​ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​គាំទ្រ​ដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី​, ​ម្រេច ​និងផលិតផលផ្សេងៗជាច្រើនទៀត។

ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦ ​រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨%​ ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លាន​ដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។

ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារ​អឺរ៉ុប​គឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយ​ទីផ្សារ​មួយ​នេះ​នៅ​បន្ត​អនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែក​ទីផ្សារ​ប្រទេស​អង់​គ្លេស​វិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏​ដូច​ជា​ទីផ្សារផ្សេងៗទៀតផងដែរ។

សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លាន​ដុល្លារ ​និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមាន​ទំនិញ និង​កសិផល​ផ្សេង​ៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia