Connect with us

ព័ត៌មាន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្រុម AOT បន្តចុះសង្កេតការណ៍អំពីការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃខុសច្បាប់លើដីកម្ពុជា គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានឆាប់បំផុត

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា ក្នុងពេលថ្មីៗនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT) បន្តចុះសង្កេតការណ៍អំពីការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃខុសច្បាប់លើដីកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្ដែកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ចុងសប្ដាហ៍មុនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

នៅថ្ងៃសៅរ៍ ទី២២ ខែសីហានេះដែរ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ៥ ដែលមានទូរកុងតឺន័រសរុបចំនួន ១០ ស្ថិតនៅចំណុចតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៤៣៥នាក់ ស្មើនឹង ៤០៤គ្រួសារ (ក្នុងនោះមានកុមារចំនួន ៤១៤នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងសូមបញ្ជាក់ជូនថា បន្លាលួសនិងទូរកុងតឺន័រដែលកងកម្លាំងថៃបានដាក់ពង្រាយមិនមែនជាការកំណត់ខ្សែព្រំដែននោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia