ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រួសារវីរយុទ្ធជនពលី និងកងកម្លាំងជួរមុខទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា គ្រួសារវីរយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានថ្លែងថា ជាក់ស្ដែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត «កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនតាមរយៈគំរូផលិតកម្មកសិកម្មទំនើប» នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារបណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជាការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែកចាយកសិផលទៅកាន់ទីផ្សារ។
ឯកឧត្តមថ្លែងថា កម្មវិធីនេះកើតចេញពីការគិតគូររបស់លោកជំទាវបណ្ឌិតដែលយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅចំពោះគ្រួសារវីរយុទ្ធជនពលី ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ ដែលបាននិងកំពុងលះបង់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។ នេះគឺជាកម្មវិធីមួយផ្សេងទៀត បន្ថែមពីលើកម្មវិធីជាច្រើនដែលរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់បានធ្វើរួចមកហើយ។
ឯកឧត្តមបន្តថា ជាក់ស្តែង គ្រាន់តែក្នុងសប្តាហ៍មុន លោកជំទាវបណ្ឌិត បានអញ្ជើញមកប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលីជាបន្តបន្ទាប់ ក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងសៀមរាប។ ក្រៅពីទទួលបានផ្ទះថ្មី ក្រុមគ្រួសាររបស់វីរយុទ្ធជនពលីទាំងនោះក៏ទទួលបានអំណោយជាច្រើនទៀតមានដូចជា ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
លើសពីនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល និងបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣