Connect with us

ព័ត៌មាន

តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ៖ តំណាងអយ្យការសម្រចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖​

១- ឈ្មោះ ថូ សំណាង​ ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។

​ ២-ឈ្មោះ ណុប រដ្ឋា​ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។​

៣- ឈ្មោះ យស់ រ៉ាណេ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០​។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ទៅឲ្យជនបរទេស ដែលជាពួក online scams។

លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ BTV ថា : “សំណុំរឿងនេះត្រូវបញ្ជូនទៅតុលាការកាលពីរសៀលថ្ងទី២៣ ខែសីហា ឆ្នាំ២០២៦។ អ្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក ហើយជាង ៤០០០សន្លឹកទៀត ដែលអបព កំពុងស្វែងរក។ ថូ សំណាង បានប្រព្រឹត្ត រួមនិងគូកន ២នាក់ទៀត ណុប រដ្ឋា និង យស់ រ៉ាណេ ដែលជាមន្រ្តីបម្រើការនៅក្រសួងការបរទេសដែរ។ អបព ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយ ជនបរទេស ដែលជាពួក online scams”៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia