ព័ត៌មាន
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោងរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីតផងដែរ។ សម្ដេចធិបតីបានបន្ថែមថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិទៀតផង។
មុននឹងបញ្ចប់, សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរាជទូតក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕









-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន6 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា1 week agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧
-
កីឡា7 days agoពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងក្រុមកម្ពុជាត្រៀមការប្រកួតអន្ដរជាតិនានា
-
ព័ត៌មាន3 days agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ