Connect with us

ព័ត៌មាន

មគ្គុទ្ទេសក៍ទេសចរណ៍ ៨២រូប ផ្តើមការ​ចុះ​កម្ម​សិក្សា​ស្រាវជ្រាវ​បញ្ចប់​ការ​សិក្សា​ដើម្បី​ទទួល​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយ សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស ​រៀបចំកម្មវិធី «ជំនួបពិភាក្សាលើការចុះកម្មសិក្សា និងសរសេររបាយការណ៍ស្រាវជ្រាវ នៃ​វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍» ហើយតាមរយៈកម្មវិធីនេះ មគ្គុទេសក៍ទេសចរណ៍ បាន​បង្ហាញការប្តេជ្ញាចុះធ្វើកម្មសិក្សា និងសរសេររបាយការណ៍ស្រាវជ្រាវឲ្យបានល្អប្រសើរ ដើ​ម្បី​ឈាន​ដល់​ការទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍។

សិក្ខាកាមមគ្គុទេសក៍ទេសចរណ៍ថា នៅក្នុង​ដំណើរ​ការ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ថ្នាក់ជាតិ ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ សំគាល់ឃើញថា នៅគ្រប់​ដំណាក់​កាល​តាំងពី​ការ​ប្រឡងចូលរៀន ពេលកំពុងរៀន ការចុះកម្មសិក្សា និងការការ​ពារ​សរសេរ​របាយ​ការណ៍​លទ្ធផល​ស្រាវ​ជ្រាវនេះ គឺមានភាពសុក្រិត យុត្តិធម៌ សំដៅធ្វើជាមគ្គុទេសក៍ទេសចរណ៍ អ្នកនាំ​ភ្ញៀវ​ជាតិ ​អន្តរជាតិ មានធនធានសមត្ថភាពពិតប្រាកដ និងជាទូតនាំសារ និងជា​តំណាង​មុខ​មាត់​របស់​ប្រទេស​ជាតិ ដែលត្រូវឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់​ពិភព​លោក​។

លោក ឆាយ គឹមហួន ក្នុងនាម មន្ត្រីជំនាញ​សម្រប​សម្រួល​វគ្គ​បណ្តុះ​បណ្តា​ល​មគ្គុ​ទេសក៍​ទេសចរណ៍​ថ្លែងថា នៅក្នុងដំណើរការបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ គ្រប់​សិក្ខា​កាម​ថ្នាក់​ជាតិ​ជំនាន់​ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ចំនួន៨២រូប ត្រូវឆ្លង​កាត់​ការ​សិក្សា​ទ្រឹស្តី រយៈពេល៥ខែ ហើយការចុះកម្មសិក្សា និងសរសេររបាយការណ៍ រយៈពេល ២ខែ ហើយ​នឹង​ត្រូវឡើងធ្វើបទបង្ហាញការពាររបាយការណ៍ស្រាវជ្រាវឲ្យបានជោគជ័យ ដើម្បីឈាន​ដល់​ការ​ទទួល​បានលទ្ធផលស្ថាពរ និងអាចដាក់ពាក្យស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ប្រកប​វិជ្ជា​ជីវៈ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ស្រប​ច្បាប់។

លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស ថ្លែងថា នៅក្នុងដំណាក់កាលនៃការចុះកម្មសិក្សា និងការចង​ក្រង​របាយ​ការណ៍​ស្រាវ​ជ្រាវ​បញ្ចប់​វគ្គ​នេះ គឺជាកិច្ចការដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែល​របាយ​ការណ៍​នេះ​ដើរ​តួជាឯកសារវិទ្យាសាស្ត្រ ភស្តុតាងនៃការអនុវត្ត និងជាឧបករណ៍​វាស់​វែង​សមត្ថ​ភាព​ពិត​ប្រាកដ​របស់​សិក្ខាកាម។

លោកសាស្ត្រាចារ្យ ក៏បានណែនាំអោយគ្រប់សិក្ខាកាម ត្រូវយកចិត្តទុកដាក់​ស្តាប់ការ​ពន្យ​ល់​របស់​មន្ត្រី​ជំនាញក្រសួងទេសចរណ៍ ពិគ្រោះយោបល់ជាមួយគ្រូណែនាំឱ្យបានទៀងទាត់ គោរព​តាម​ទម្រង់​ស្តង់​ដារនៃការសរសេររបាយការណ៍ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ សីលធម៌ និង​មន​សិការ​វិជ្ជាជីវៈខ្ពស់។

លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួង​ទេសចរណ៍ថ្លែងថា មកដល់ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​ជាតិ ​និងថ្នាក់តំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរ សរុបប្រមាណជិត ៨៥០៣នាក់៕ អត្ថបទ៖ សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia