ព័ត៌មាន
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៧២១នាក់ (២០សញ្ជាតិ) ចេញពីកម្ពុជា
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧២១នាក់ (ស្រី ៩៥នាក់) មាន ២០សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជាបន្តបន្ទាប់។
ជនបរទេសទាំង ២០សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, ចិន, បង់ក្លាដេស, ហ្វីលីពីន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, កាមេរូន, ជប៉ុន, ហ្គាណា, ចិនតៃវ៉ាន់, ម៉ាឡេស៊ី, កូរ៉េ, យូហ្គង់ដា, ឥណ្ឌា, មីយ៉ាន់ម៉ា, បារាំង, លីបេរីយ៉ា, ស្វីស, អ៊ូបេគីស្ថាន និងអាមេរិក។
ក្នុងចំណោមនោះ មាន៖ជនជាតិចិន ចំនួន ៩០នាក់ (ស្រី ០៣នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស។
ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣៥៥នាក់ (ស្រី ៥៤នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ។
ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។
ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្ដេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។
ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣