Connect with us

ព័ត៌មាន

សំណុំរឿងព្រីនស៍គ្រុប រកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធចំនួន ៩៨ និង​បណ្តាញ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស ១០០ក្រុមហ៊ុន

ទាក់ទងនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ឯកឧត្តម​សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស និងជាអនុប្រធានប្រចាំការ និងប្រធាន​លេខា​ធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យ BTV ដឹងថា ត្រូវបានអូសបន្លាយរយៈពេលជាច្រើនខែមកហើយ ដោយសារ​សំណុំ​រឿង​នេះ​ជា​សំណុំ​រឿង​ធំ និងមានភាពស្មុគស្មាញ ដែលជាក្រុមហ៊ុន​មួយ​ដែល​មាន​បណ្តាញ​អង្គការ​ចាត់​នៅ​ក្នុង ​និងក្រៅប្រទេសទេស។

នៅក្នុងប្រទេសកម្ពុជា យើងបាន​រក​ឃើញ​បណ្តាញ​ក្រុម​ហ៊ុន​ដែល​មាន​ការ​ពាក់ព័ន្ធចំនួន ៩៨ ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសមានចំនួន ១០០ ក្រុម​ហ៊ុន ហើយ​តុលាការ​កម្ពុជា​បាន​និង​កំពុង​ដំណើកា​រ​នីតិ​វិធី​ស៊ើប​សួរ​នៅ​ក្នុង​សំណុំ​រឿង​ព្រីនស៍​គ្រុប​ ពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទ​សម្អាត​ប្រាក់​មាន​ស្ថានទម្ងន់ទោស ដោយមានបុគ្គលឈ្មោះ ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង និង​បក្ខ​ពួក ​បានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដោយ​បាន​យក​ទីតាំង​ផ្សេងៗ រួមមាន អគារ និងទីតាំងកាស៊ីណូ​ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​សម្ព័ន្ធ​ព្រីនស៍​គ្រុប​នេះ។​ បច្ចុប្បន្ន តុលាការបានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​នៅក្នុ​ង​សំណុំ​រឿង​នេះ​សរុប​ចំនួន​ ៣២ នាក់, បានបង្កាប់ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​ជន​ត្រូវ​ចោទ​ចំនួន​ ៤ នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥ នាក់ ផ្សេងទៀត ព្រមទាំងទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងសំណុំរឿងនេះ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បុគ្គលដែលជាមេខ្លោងចំនួន ៦ នាក់ ដែល​រួម​មាន​ ឈ្មោះ ចេន ហ្ស៊ី, ឈ្មោះ លី សុង, ឈ្មោះ លីវ យិន, ឈ្មោះ អ៊ឹង ដារ៉ា, ឈ្មោះ អៀង សុខលីម​, និង ឈ្មោះ Huang Ron ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ ចំពោះក្រុមជនត្រូវចោទ និងមេខ្លោងផ្សេងទៀតចំនួន ២៩ នាក់ ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស សមត្ថកិច្ច​កម្ពុជា​បាន​ដំណើរ​ការ​នីតិវិធីស្នើ​សុំដា​ក់​បញ្ជូល​ទៅ​ក្នុងនិវេទិ៍ក្រហមរបស់ INTERPOL និងស្នើសុំជំនួយ​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​ភ្នាក់ងារ FBI របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ក្នុង​ការ​បន្ត​ស្រាវជ្រាវស៊ើបអង្កេត ស្នើសុំផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រមូល​ភស្តុតាង​ជូន​តុលាការ​ធ្វើ​ការ​សម្រេច​ផ្តន្ទាទោសជនល្មើស និងបណ្តាញក្រុមឧក្រិដ្ឋជន។ ចំពោះទ្រព្យសម្បត្តិដែលជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលន​ទ្រព្យ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្រុម​ហ៊ុន​ព្រីន​ស៍គ្រុប ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ស្មើក្នុងរង្វង់ជិតមួយពាន់លានដុល្លា និង​ត្រូវ​បាន​តុលាការសម្រេចបង្កក ខណៈពេលកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បី​ធ្វើ​ការ​ចាត់​ចែង​ជាបណ្តោះអាសន្ននូវទ្រព្យដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស ឱ្យ​មក​ស្ថិតក្រោមការគ្រប់គ្រងឬជាសម្បត្តិរបស់រដ្ឋ ឬឈាន​ទៅ​សម្រេច​ការ​រឹប​អូស​ជា​ស្ថាពរ​ស្រប​តាម​ច្បាប់​ និងនីតិវិធីជាធរមាននាពេលខាងមុខ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia