Connect with us

ព័ត៌មាន

សមាគមទេសចរណ៍៖ ២ខែចុងក្រោយឆ្នាំ២០២៦ប្រតិភូអន្តរជាតិមកទស្សនាកម្ពុជាមានសន្ទុះកើនឡើង

ភ្នំពេញ៖ សមាគមទេសចរណ៍នានានៅកម្ពុជា បានឲ្យដឹងថា កម្ពុជា ចាប់ពីខែវិច្ឆិកា រហូតដល់ដំណាច់ឆ្នាំ២០២៦ គឺមានព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗជាច្រើន ដែលរាល់ព្រឹត្តិការណ៍ទាំងនោះ គឺបានរួមចំណែកខ្លាំងទាក់ទាញទេសចរជាតិ អន្តរជាតិលំដាប់ខ្ពស់ អ្នកវិនិយោគទុន និងប្រតិភូអន្តរជាតិជាច្រើននានាមកអញ្ជើញទស្សនាកម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងពីខេត្តព្រះសីហនុនៅថ្ងៃទី២២ ខែតុលានេះថា កម្ពុជា នៅក្នុងខែវិច្ឆិកានេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំប្រទេស ក្រុមហ៊ុន អង្គការសហគមន៍អន្តរជាតិពីបណ្តាប្រទេសនិយាយភាសាបារាំងជិត ៩០ ប្រទេស នឹងអញ្ជើញចូលរួម ហើយបន្ទាប់ទៅ នៅតាមខេត្តមួយចំនួននឹងមានកម្មវិធីបុណ្យអុំទូកអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ហើយនៅថ្ងៃឆ្លងឆ្នាំសកល នឹងមានការប្រារព្វព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត ដែលរាល់ព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ អ្នកវិនិយោគទុន និងប្រតិភូជាន់ខ្ពស់ជាច្រើនទៀតមកទស្សនាកម្ពុជា។

លោក បន្តថា អំឡុងពេលនេះ គឺជាឱកាសដែលប្រជាជនកម្ពុជាទាំងអស់គ្នា ត្រូវរួមគ្នា កសាងសេចក្តីទំនុកទុកចិត្តជូនភ្ញៀវអន្តរជាតិទាំងអស់ និងរួមគ្នាផ្សព្វផ្សាយកម្ពុជា ជាគោលដៅសុវត្ថិភាពទៅកាន់ពិភពលោក ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ឲ្យមានកំណើនល្អប្រសើរឡើងវិញ នៅឆ្នាំក្រោយនេះ។

អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA លោកជំទាវឧកញ៉ា ស្រ៊ៀត មុំសុភា ថ្លែងថា នៅក្នុងអំឡុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២៦នេះ កម្ពុជា មានរៀបចំព្រឹត្តិការណ៍អន្តជាតិជាច្រើន ជាពិសេសព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកានេះ គឺជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយទីផ្សារ បង្ហាញមុខមាត់កម្ពុជា វប្បធម៌ អរិយធម៌ សេវាកម្មបដិសណ្ឋារកិច្ច និងផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា កម្ពុជា ក្នុងអំឡុងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នោះ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណី និងទូរគមនាគមន៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋ ឯកជនានា នឹងសហការរៀបចំព្រឹត្តិការណ៍អមជាច្រើន ដូចជា ព្រឹត្តិការណ៍ពិព័រណ៍«ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបុទុមវតី ព្រឹត្តិការណ៍ Franco Tech នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ ខណៈ នៅអាកាសយានអន្តរជាតិតេជោTIA គឺបាននិងកំពុងរៀបចំកម្មវិធីពិព័រណ៍ហ្វ្រង់កូហ្វូនីចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦នេះ៕អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia