Connect with us

ព័ត៌មាន

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួន​អ្នកស្ម័គ្រ​ចិត្ត​បំពេញ​កាតព្វ​កិច្ច​

រាជរដ្ឋាភិបាលកម្ពុជានឹងចេញអនុក្រឹត្យអំពីការកំណត់ចំនួន នៃការជ្រើសរើសយុវជន យុវនារី ក្នុង​ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​បំពេញ​កាតព្វ​កិច្ចយោធា។ គណៈ​កម្មាធិការ​ជាតិ​កាតព្វកិច្ច​យោធា​បាន​បញ្ចប់​ការ​ចុះ​ឈ្មោះចូ​ល​បំពេញ​កាតព្វកិច្ចយោធា កាលពីទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថក្រុង-ស្រុក-ខណ្ឌ ដោយមានចំនួនយុវជន យុវនារី ចូលរួមយ៉ាងច្រើនផុសផុល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ចំនួនយុវជន យុវនារី ដាក់​ពាក្យ​ចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត គឺមានចំនួន​ច្រើន​ជា​ទី​មោទ​ន​ភាព​ខ្លាំង​ណាស់​ចំពោះ​ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបម្រើកាតព្វកិច្ចយោធា គឺ​គណៈ​កម្មា​ធិការ​ជាតិកាតព្វកិច្ចយោធាមានការរំភើបរីករាយនៅទឹកចិត្តរបស់ពួកគាត់។ ចំពោះ​ចំនួន​នៃ​ការ​ជ្រើស​រើស​នៅមិនទាន់កំណត់នៅឡើយទេ នៅពេលដែលចេញ​ជា​អនុ​ក្រឹត្យ​សម្រេច​ថា​យក​ចំនួន​ប៉ុន្មាន ​ខាងគណៈកម្មាធិការចំពោះកិច្ចនឹងជូនដំណឹងនៅពេលក្រោយ ហើយ​នឹង​មាន​នីតិ​វិធី​មួយ​ចំនួន​ទៀត​ទើបបានឈានទៅដល់ការសម្រេច។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានចែកពាក្យ និងទទួលពាក្យសុំ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ស្រប​តាមច្បាប់ស្តីពីកាតព្វកិច្ចយោធាចែកពាក្យចាប់ពីថ្ងៃទី០១-៩ ខែតុលា ឆ្នាំ២០២៦ និង​ទទួលពាក្យចាប់ពីថ្ងៃទី១០-១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើម​ដំណើរ​ការ​អនុវត្ត​ច្បាប់​ស្តីពី​កាតព្វ​កិច្ច​យោធា” ធ្លាប់បានបញ្ជាក់ថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព។ ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការ​ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ នៃ​យើង​។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកប​ដោយ​ជំនាញ​ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋា​ន​ល្អ​សម្រាប់​ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia