Connect with us

ព័ត៌មាន

កម្ពុជាជំរុញការតភ្ជាប់ផ្លូវអាកាសជាមួយកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស ជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីសប្តាហ៍មុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថាន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការស្នើបើកជើងហោះហើរត្រង់ឡើងវិញ។

ឯកឧត្តម បានបន្តថា ក្នុងដំណើរទស្សនកិច្ចអមសម្តេចធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន SCAT Airlines ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់មកកាន់កម្ពុជា។ កន្លងមក ក្រុមហ៊ុននេះធ្លាប់ដំណើរការជើងហោះហើរឆាតធ័រ (Charter) លើខ្សែអាស្តាណា-ព្រះសីហនុ និងអាល់ម៉ាទី-ព្រះសីហនុ ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស ទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាល និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តម មានប្រសាសន៍ថា៖ « ការបើកជើងហោះហើរត្រង់ឡើងវិញ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនភាពងាយស្រួល និងពង្រីកលទ្ធភាពទាក់ទាញភ្ញៀវទេសចរពីកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ ការតភ្ជាប់នេះក៏អាចជំរុញការប្រើប្រាស់សេវាអាកាសចរណ៍, សណ្ឋាគារ, និងអាជីវកម្មទេសចរណ៍ បង្កើតឱកាសការងារ និងគាំទ្រការធ្វើពិពិធកម្ម។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រៀមសហការសម្របសម្រួលលក្ខខណ្ឌបទប្បញ្ញត្តិ បច្ចេកទេស, សុវត្ថិភាព, សន្តិសុខ, និងការអនុញ្ញាតប្រតិបត្តិការ។ ការឈានពីជើងហោះហើរឆាតធ័រទៅជាសេវាទៀងទាត់ ត្រូវផ្អែកលើតម្រូវការទីផ្សារ ការសម្រេចចិត្តរបស់ប្រតិបត្តិករ និងការអនុម័តតាមច្បាប់ជាធរមាន»។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ និងត្រៀមសហការជាមួយអាជ្ញាធរអាកាសចរណ៍បរទេស ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីសិក្សាឱកាស តភ្ជាប់បន្ថែម។ ក្រៅពីកាហ្សាក់ស្ថាន ទីផ្សារដែលអាចស្វែងរកឱកាសរួមមាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន តាមរយៈជើងហោះហើរតភ្ជាប់ និងជើងហោះហើរត្រង់នៅពេលមានលទ្ធភាពពាណិជ្ជកម្ម។ គោលដៅគឺពង្រីកទីផ្សារភ្ញៀវទេសចរ និងលើកកម្ពស់ការតភ្ជាប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕អត្ថបទ​៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia